ខេត្តកំពង់ចាម៖អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ការងារ បង្កបង្កើនផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ភូមិក្រដាស (ក) នៃឃុំតាំងក្រសាំង ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា។
មន្ត្រីបានឲ្យដឹងថាកាលពីដើមឡើយ តំបន់មេទឹកពោធិតាត្រេសនេះ គឺជាអាងស្តុកទឹក ដ៏ធំមួយ សម្រាប់ប្រជាកសិករប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំង។ ដោយមុនពេលមានភ្លៀងធ្លាក់ជោគជាំ នាប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករ នៅក្នុងតំបន់ខាងលើ បានពង្រោះស្រូវប្រាំង ក្នុងជំហានទី២ រួចមកហើយ ប៉ុន្តែ ជាអកុសល ក៏មានភ្លៀងធ្លាក់មកផ្ទួនៗគ្នា ទើបបណ្ដាលឲ្យ ស្រូវពង្រោះ របស់ពួកគាត់ បានរងការលិចលង់ទាំងស្រុង ដោយជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីដៃបឹងទន្លេសាប។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែតុលា ព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យការងារបង្កបង្កើនផល ជាលើកទី២ និងផលប៉ះពាល់ស្រូវពង្រោះ របស់ប្រជាកសិករ នៅតំបន់មេទឹកពោធិ៍តាត្រេស ខាងលើ។
នៅក្នុងឱកាសចុះពិនិត្យលោក អ៊ុន ចាន់ដា បានណែនាំ ដល់ក្រុមមន្ត្រីឲ្យចុះសិក្សា និងវាយតម្លៃលើទំហំ នៃការខូចខាតស្រែស្រូវ របស់ប្រជាកសិករ ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការស្ដារឡើងវិញ បន្ទាប់ពីទឹកស្រក។
បើយោងតាមរបាយការណ៍ ស្ដីពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា នៅទូទាំងខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាក្រុង ស្រុក មួយចំនួន បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវវស្សាចំនួន ១.០៥២,៥ហ.ត នៅក្នុងស្រុក ចំនួន ៣ គឺ ៖ ស្រុកបាធាយ ជើងព្រៃ និងស្រុកស្ទឹងត្រង់។ ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ អស់មួយចំនួន ផងដែរ៕SRP









