ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖ពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣៧៨គ្រួសារ មកពីស្រុកស្ទឹងត្រង់ កងមាស កំពង់សៀម និងក្រុងកំពង់ចាម ទទួលបានអំណោយមនុស្សធម៌របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈលោក រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ការចែកនេះធ្វើឡើងនៅមុខសាលាខេត្ត នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងនូវអំណគុណ ចំពោះ លោក ហ៊ុនម៉ាណែត ដែលបានគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហើយបានចាត់តាំងតំណាង នាំយកអំណោយមនុស្សធម៌ របស់លោក ផ្ដល់ជូនដល់ដៃ របស់បងប្អូនប្រជាពលរដ្ឋ ៣៧៨គ្រួសារ នាពេលនេះ ។ ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការវាយតម្លៃផលប៉ះពាល់ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដើម្បី រៀបចំការស្តារឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ និងការបង្កបង្កើនផល ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀងផងដែរ។
លោក រិន វិរៈ សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ឆ្នាំនេះ ប្រទេសកម្ពុជា មានគ្រោះដល់ទៅ២ គឺ ៖ ទី១.គ្រោះជម្ងឺកូវីដ១៩ និងទី២.គ្រោះដោយជំនន់ទឹកភ្លៀង ទោះជាយ៉ាងណាក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងបង្កាទប់ស្កាត់ជម្ងឺដ៏កាចសាហាវមួយនេះ មិនឲ្យឆ្លងចូលក្នុងសហគមន៍នោះឡើយ ។ ដោយឡែក បច្ចុប្បន្ននេះ យើងកំពុងទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដែលកន្លងមក ប្រមុខដឹកនាំកម្ពុជា ក៏បានចុះចែកដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្ដាខេត្តមួយចំនួន រួចមកហើយ ។
គួរបញ្ចាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ៣៧៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល ផងដែរ៕SRP






