ខេត្តកំពត៖អ្នកភូមិជិត២០០គ្រួសារ រស់នៅក្នុងភូមិ ត្រពាំងគុយ ភូមិត្រពាំងថ្ម និង ភូមិត្រពាំងគគីរ ស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត បានតវ៉ានឹងសុំអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយដំណោះស្រាយជូន ពួកគាត់ ខណ: ដី ក្នុងសហគមន៍ របស់ពួកគាត់ត្រូវបានគេ ឆ្វៀលលក់ឲ្យទៅឈ្មួញតាមតែអំពើចិត្ត។ ដីសហគមន៍ ខាងលើ មានទីតាំងស្ថិតនៅ ចំណុចភ្នំត្នោត ក្នុងស្រុកឈូក ខេត្តកំពត។
ប្រភពបានឲ្យដឹងថាពលរដ្ឋ ចំនួន៦២គ្រួសារ និងមានការព្រមព្រៀងគ្នា ជាមួយនឹងអាជ្ញាធរដែនដី ដើម្បីបង្កើតជាសហគមន៍ នៅឆ្នាំ២០០៨ ប៉ុន្តែ២០២០ នេះទើបប្រជាពលរដ្ឋ មានការងឿងឆ្ងល់ សង្ស័យទៅលើអ្នកគ្រប់គ្រង និងអ្នក ការពារ ដីសហគមន៍ ដូចជាប្រធានសហគមន៍ និងលោកមេភូមិ លោកមេឃុំ បានគប់គិតគ្នាលក់ឲ្យទៅឈ្មួញមួយចំនួន។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី ២៧ខែ តុលាឆ្នាំ២០២០ម្សិលមិញ ក្រុមតំណាងសហគមន៍មួយចំនួនបាន ប្រមូលផ្ដុំគ្នាជាមួយ ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ដើម្បីចុះបញ្ជីវត្តមាន ការជួយថែរក្សាដីសហគមន៍ ភ្នំត្នោត យកមក ថែរក្សាការពារ កុំឱ្យមាន បុគ្គលណា ម្នាក់ឈ្លានពាន រំលោភ បំពាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយហេតុថា
ទំហំដីសហគមន៍ ភ្នំត្នោត ដែលមានផ្ទៃក្រឡាទំហំ៤៥៨ ហិកតា នេះ ឥឡូវត្រូវបានឈ្មួញបាន គប់គិតគ្នា ហ៊ុំព័ទ្ធយកដីមួយចំនួន ធ្វើឲ្យមានការបាត់បង់ ដោយគ្មានពលរដ្ឋ ណាម្នាក់ដឹងនោះឡើយ។
ជុំវិញពលរដ្ឋ បានចោទប្រកាន់លោក ប្រធានសហគមន៍ ជាអ្នកគ្រប់គ្រង និងថែរក្សាដីសហគមន៍ បែជាបណ្ដែតបណ្ដោយ ឲ្យពលរដ្ឋមួយចំនួននិង អាជ្ញាធរដែនដីមួយក្តាប់តូច យកទៅលក់ឱ្យក្រុមឈ្មួញ។
ដូច្នេះហើយទើបពលរដ្ឋទាំង៣ភូមិ ស្នើសុំដល់អភិបាល ខេត្តកំពតលោកជាវ តាយ ជួយរកយុត្តិធម៌ ក៏ដូចជាដំណោះស្រាយ ជូនពួកគាត់ ក្នុងការទាមទារយកដី សហគមន៍ ភ្នំត្នោត មកវិញ ដើម្បីទុកជាប្រយោជន៍រួម នឹងទុកជាសម្បត្តិរបស់រដ្ឋ។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ពលរដ្ឋនេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP




