ភ្នំពេញ៖លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ០៣ខែ វិច្ឆិកានេះ បានថ្លែងប្រាប់PVNNថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍អំពីករណី ក្រុមហ៊ុន ស៉ីននីវ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៉ីសងតាមអនឡាញ Keno online រួចមក លោកនាយឧត្ដមសេនីយ៍ បានបញ្ជាអោយនាយកដ្ឋានជំនាញចុះស្រាវជ្រាវដេីម្បីមានចាត់វិធានការតាមច្បាប់ ដោយមិនលេីកលែងឡេីយ។
លោកឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអោយដឹងដែរថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហេីយនៅរសៀលថ្ងៃនេះ ដេីម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុន ស៉ិន នីវ ដែលប្រជាពលរដ្ឋ រាយការណ៍ថា បាននឹងកំពុងបេីកល្បែងស៉ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាក ឆ្នោតឡូតូ។
លោកឧត្ដមសេនីយ៍ឯក បានបន្ថែមថា បេីក្នុងករណីសមត្ថកិច្ចរបស់លោកស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ លោកនឹងចាត់ការតាមច្បាប់តែម្ដង ។
គួរបញ្ជាក់ថា ករណីក្រុមហ៊ុន ស៉ិន នីវ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៉ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋ ទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ។ ជាពិសេសក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ស៉ីន នីវ មួយរូបបានអោយដឹងថា ក្រុមហ៊ុន របស់លោក ពិតជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូមែន តែមិនបានបេីកល្បែងស៉ីសងតាមអនឡាញនោះទេ ។
ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មួយរូបបានង្ហេីបអោយដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៉ីន នីវ បានហួសសុពលភាពហេីយ ហេីយក្រុមហ៊ុននេះនៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ជូនក្រសួងនោះទេ។
ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះ ក្រសួងកំពុងចាត់ការតាមនិតិវិធីផងដែរដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់។
ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៉ីសងតាមអនឡាញបង្វក់ប្រជាពលរដ្ឋ ទូទាំងប្រទេសនោះ បេី សមត្ថកិច្ចស្រាវជាវរកឃើញ ក្រុមហ៊ុននេះអាចប្រឈមមុខចំពោះផ្លូវច្បាប់ផង និង អាចដកអាជ្ញាប័ណ្ណវិញផងដែរ។
ពាក់ព័ន្ធករណីនេះ នៅក្រុងសៀមរាបឯណាវិញ ល្បែងឡូតូ ប្រភេទដូចខាងលើ បានបើកដំណើរការ ឲ្យពលរដ្ឋចាក់ស៊ីសង នៅតាមហាងកាហ្វេ សឹងគ្រប់កន្លែង យ៉ាងអនធិបតេយ្យដោយចំហតែម្ដង។ ទោះយ៉ាងណា ពលរដ្ឋ សូមគាំទ្រចំណាត់ការរបស់ លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ចាត់ការតាមច្បាប់ចំពោះករណីនេះ៕SRP





