ខេត្តព្រៃវែង៖លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែគិតគូ សុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេស ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសនពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ជាពិសេសនោះគឺការដោះស្រាយ ឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស មិនត្រូវទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ រងការលំបាកខ្វះខាត និងស្លាប់ដោយសារអត់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឭនោះឡើយ។ លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ព្រឹកមិញនេះ ក្នុងពិធីចែកអំណោយ របស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពលរដ្ឋក្រីក្រចំនួន៦៧គ្រួសារ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ។
លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យ និងមិនត្រូវធ្វេសប្រហេស ចំពោះជំងឺឆ្លងកូវីដ-១៩ នោះទេ ត្រូវបំផុសឲ្យជាពលរដ្ឋទាំងអស់ មានទំលាប់ធ្វើអនាម័យទប់ស្កាត់ ការចម្លងក្នុងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជាប្រចាំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងត្រូវបង្កបង្កើនផល ដាំដំណាំ បន្លែ ចិញ្ចឹមសត្វផ្សេងៗ ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារ សង្គម និងប្រទេសជាតិ ក្នុងបរិបទជម្ងឺកូវីដ១៩។
អំណោយ ដែលចែកជូនពលរដ្ឋក្រីក្រទាំង៦៧គ្រួសារ មួយគ្រួសារទទួលបានអង្ករ២៥គ.ក មី១កេស និងថវិកា៤០.០០០រៀល៕SRP


