ខេត្តរតនគិរី៖ទីតាំងសង្វៀនជល់មាន់ អាប៉ោង យូគី ដែលស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដំណើរការបើកលេងយ៉ាងពេញបន្ទុក ដោយគ្មានការបង្ក្រាបឡើយ។
ប្រភពពលរដ្ឋរស់នៅក្រុងបានលុងបានឱ្យដឹងថាទីតាំង អាប៉ោង យូគី នឹង ជល់មាន់ ដ៏ធំនេះគឺស្ថិតនៅ ភូមិភ្នំធំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី នៅត្រង់ចំណុចភ្នំយោល និងមួយទៀត ស្ថិតនៅផ្ទះឈ្មោះ ងួន សុវណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រជាពលរដ្ឋលើកឡើងថាលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាលោក យិន សំណាង ស្នងការនគរបាលខេត្ត ហាក់គ្មានអំណាច អនុវត្តច្បាប់ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះទាល់តែសោះ ដែលធ្វើឲ្យមានមន្ទិលថា គឺជាការឃុបឃិតបើកដៃពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បើកឲ្យមានល្បែងភ្នាល់ខុសច្បាប់យ៉ាងដូច្នេះ។
ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី លើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការឆ្លងរីករាលដាលជំងឺcovid-19 ដោយសារតែការជួបជុំប្រជ្រៀតគ្នា ណែនណាន់តាន់តាប់លេងល្បែងភ្នាល់ របស់ក្រុមអ្នកញៀនល្បែង ដែលអាចជាគ្រោះមហន្តរាយដ៏អាក្រក់សម្រាប់ខេត្តមួយនេះ ក៏ដូចជាសន្តិសុខ សុវត្ថិភាព របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើពីសំណាក់ពលរដ្ឋ ក្នុងក្រុងបានលុង អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោក ថង សាវុន និងលោក យិន សំណាង បានទេ ដោយសារលោកមិនលើទូរស័ព្ទ៕SRP








