ខេត្តសៀមរាប៖មន្ត្រីរដ្ឋាករទឹកខេត្តសៀមរាប ម្នាក់ បានបើករថយន្តម៉ាកប្រ៊ូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប ២B៥១១៤ បុកម៉ូតូកង់បី pass app បណ្ដាលឱ្យរបួសមនុស្សចំនួន២នាក់ ហើយព្យាយាមបើករត់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ៦ក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា៖ ក្រោយកើតហេតុ ជនបង្ក បានយករថយន្ត មកប្រគល់ ឲ្យសមត្ថកិច្ច
ទាំងយប់។
នាយការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការប៉ូលិស ខេត្តសៀមរាប លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ករណីនេះលោកកំពុងត្រួតពិនិត្យមើលសិន ព្រោះសំណុំរឿង ទើបនឹងមកដល់នៅព្រឹកម៉ិញនេះ។ ហើយភាគីទាំងពីរក៏កំពុងសម្រួលគ្នា។
យោងតាមប្រភពបានឲ្យដឹងថា អ្នកបើករថយន្ដ មានឈ្មោះដឿយ ស៊ីដេត អាយុ៣១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹក ខេត្តសៀមរាប មានទីលំនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។
ចំណេកជនរងគ្រោះមានឈ្មោះទឹង អឿត ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិបុស្សក្រឡុក ឃុំគោកដូង ស្រុកអង្គរជុំ របួសស្រាល។ ទី២ឈ្មោះ ភិន មុន្នីសាន់ ភេទប្រុសអាយុ៣៧ឆ្នាំ របួសធ្ងន់ ប្រេះជើង៕SRP




