ខេត្តកំពង់ធំ៖ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានប្ដឹងលោក ម៉ៅ ប៊ុនធូរ នាយកទីចាត់ការ អន្តរវិស័យ សាលាខេត្តកំពង់ធំ ពីបទ«ប៉ុនប៉ងឃាតកម្ម» នឹងទារសំណងជំងឺចិត្តនិងការខូចខាតកិត្តិយសចំនួន«១.០០០.០០០» (មួយលាន)ដុល្លារ អាមេរិក។ នេះបើយោងតាមពាក្យបណ្ដឹងរបស់លោក សាយ វាសនា ដែលបានដាក់បណ្ដឹង ចូលទៅ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី១៧ខែ វិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងបណ្ដឹងគឺបានប្ដឹងពីបទ«ប៉ុនប៉ងឃាតកម្ម»។ ពាក្យបណ្ដឹងនេះកើតមានឡើង បន្ទាប់ពីមានការវិវាទមួយ នៅកន្លែងហាងផឹកស៊ីមួយកន្លែង។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភោជនីយ៍ដ្ឋាន ជ្រោះពេជ្រចិន្តា ស្ថិតនៅក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ធំ លោក ម៉ៅ ប៊ុនធូរ យកកាំបិតចាក់ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក សាយ វាសនា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយមានហេតុការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានឃាត់ខ្លួន ឈ្មោះ ម៉ៅ ប៊ុនធូ មានឋានៈ ជានាយកទីចាត់ការ អន្តរវិស័យ សាលាខេត្តកំពង់ធំ ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា លោកម៉ៅ ប៊ុនធូរ ប្រាប់ថាលោកអត់ដឹងខ្លួនទេ ហើយលោកក៏មិនបានដឹងថា មានរឿងអ្វីកើតឡើងនោះដែរ កាលពីយប់ថ្ងៃកើតហេតុនោះ។
ពាក់ព័ន្ធករណីនេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបន្ថែមពីលោក សាយ វាសនា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ នៅឡើយទេ៕SRP