ខេត្តកំពង់ចាម៖លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោក ម៉ម ភឿក ដែលបានទទួលភារកិច្ចថ្មី។
ពិធីនេះត្រូវបានធ្វេីឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ព្រុំ សុខា បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម គ្រប់ជំនាន់ ក្នុងការដឹកនាំ ក៏ដូចជាការអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោករដ្ឋមន្រ្តី ក៏បានធ្វេីការផ្តាំផ្ញេីរដល់មន្ត្រីមុខងារសាធារណៈ សូមឲ្យពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យបានសាកសមជាសេនាធិការដែលជាទីទុកចិត្តរបស់ក្រុមប្រឹក្សា គណៈអភិបាល ក៏ដូចជា អភិបាលខេត្តពោលគឺត្រូវមានសមត្ថភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យដូចជាអ្នកបម្រើសេវាឯកជន ធ្វើយ៉ាងណាត្រូវឲ្យអតិថិជនមានការសប្បាយចិត្តនោះយើងក៏សប្បាយចិត្តដូចគ្នាដែរ។
លោក អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំងថ្មី ឲ្យបន្តនិរន្តរភាពការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងមានរបៀបរបបបំពេញការងារ ឲ្យបានត្រឹមត្រូវ តាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ។ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន រួមទាំងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេស ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាននានា៕SRP






