ភ្នំពេញ៖ប្រទេសកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល។
ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន។ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់សារព័ត៌មានក្នុងស្រុកថា «តបតាមសំណើរបស់ សម្តេច ហ៊ុន សែន គេបានឯកភាព ជួយសាងសង់ស្ពានមួយ នៅក្នុងរាជធានីភ្នំពេញ របស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។
ទោះយ៉ាងណា រដ្ឋមន្ត្រីរូបនេះ មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។
សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន មានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។
សម្តេច ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ ដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផល មួយដែលពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះ លេចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនកសិផល ផងដែត៕SRP
