ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានដឹងថាល្បែងឡូតូ ចាក់ភ្នាល់ដាក់លុយ តាមប្រព័ន្ធអ៊ីនធឺណិត បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង។
ជាក់ស្ដែងទីតាំង មួយកន្លែងស្ថិតនៅទល់មុខ សាលាសុវណ្ណភូមិ មានដាក់ឲ្យមនុស្ស ជាច្រើននាក់ចូលលេងបោះប៊ូល និងមានទូរទស្សន៍ លេងភ្នាល់ល្បែងឡូតូដាក់លុយតាមប្រព័ន្ធអុិនធើណេតជាប្រចាំថ្ងៃ ស្ថិតនៅត្រង់ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីអ្នកដែលញៀនទៅនឹងល្បែងឡូតូភ្នាល់ តាមអុិនធើណេតនៅត្រង់ចំណុចខាងលើ បានបង្ហើបប្រាប់ក្រុមការងារព័ត៌មានឲ្យដឹងកាលពីរសៀលនេះថា ជារៀងរាល់ថ្ងៃគិតចាប់ ពីម៉ោង៩ទៅម៉ោង១០ព្រឹក គឺមានមនុស្សចូលទៅលេងកន្លែង នោះហើយរហូតដល់ល្ងាច ដោយអ្នកខ្លះលេងបោះប៊ូល ទៅនឹងភាគច្រើនលេងឡូតូ ភ្នាល់ដាក់លុយ តាមប្រព័ន្ធអុិនធើណេត។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងខាងលើ នេះមានការងឿងឆ្ងល់ថា តើកន្លែងបើកឲ្យលេងប៊ូលនិងមានដាក់ទូរទស្សន៍ ឡូតូភ្នាល់គ្នាដាក់លុយ ហើយស្រែកហោខ្លាំងៗទៀត ហើយ នៅជាប់នៅនឹងសាលារៀន ទៀតផង សង្ស័យមានខ្នងបង្អែកធំៗ ទើបបានជា គ្មានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ណាហ៊ាន មកក្បែរនោះទេ។
សូមរំលឹកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសថា បិទល្បែងភ្នាល់ ចាក់បាល់ ឡូតូតាមប្រព័ន្ធអុិនធើណេត គ្រប់ប្រភេទ ប៉ុន្តែទីតាំងខាងលើបែរជាបើកលេងដោយសេរី ដោយមិនកោតខ្លាចញញើតអ្វីទាំងអស់។
ជុំវិញករណីទីតាំងរោង ដែលបើកឲ្យមនុស្សចូលលេងបោះប៊ូលនិងដាក់ឡូតូ តាមប្រព័ន្ធអុិនធើណេត ពុំអាចសុំការបកស្រាយ
ពីម្ចាស់នៅឡើយទេដោយមិនមាន លេខទំនងទំនង៕SRPដោយប៊ុនថេត


