មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅព្រឹត្តិការណ៍ នៃការចម្លងមកភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”។ សម្តេចបានអំពាវនាវអោយ ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ទាំងអស់គ្នា ហើយពេលនេះគឺជាពេលដែលមិនមែនជាពេលដែលត្រូវចោតដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតអោយជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។
ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១) ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។
២) ត្រូវរៀបចំមជ្ឈមណ្ឌលចាត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះគឺជាទីកន្លែងដែលផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តអោយបានត្រឹមត្រូវ។
៣) សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំយុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ហើយប្រលងមធ្យមសិក្សាបឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយសម្រាប់អ្នកដែលបន្តគឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។
៤) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ១៤ថ្ងៃសិន។ ជាមួយគ្នានោះ សម្តេចតេជោបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍។
ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ នាយករដ្ឋមន្ត្រីបានជំរុញអោយប្រជាពលរដ្ឋ យើងត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP