មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ បានលើកឡើងថា សព្វថ្ងៃនេះ មានក្រុមឈ្មួញ បានដាក់គ្រឿងចក្រ កាយទន្ទ្រានយកដី ភ្នំ ជិតរលាយបាត់ពីផែនដី ទៅហើយ ដោយមិនមាន ការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធនោះទេ។
ប្រជាពលរដ្ឋបានបន្តថា ភ្នំខាងលើ ដែលកំពុងរងការគំរាមគំហែង កាយពីគ្រឿងចក្រ នេះ អ្នកខ្លះ ភ្នំដីស ខ្លះគេហៅ ភ្នំរំសាយសក់ ដែលជាសម្បត្តិធម្មជាតិ របស់រដ្ឋ ស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ពលរដ្ឋ រស់នៅក្បែរជើងភ្នំ បានប្រាប់អ្នកសារព័ត៌មានថា ជាច្រើនថ្ងៃមកហើយ ដែលពួកគាត់ បានឃើញ ក្រុមឈ្មួញនាំយកគ្រឿងចក្រ ចូលមកដាក់កាយ ភ្នំ យកអាចម៍ដីដឹកចេញ រាប់សិបឡាន ក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកទៅលក់ ឬយកធ្វើអ្វីនោះទេ។ ហើយក៏មិនទាន់ដឹងថា មានច្បាប់ ឬអត់ច្បាប់នោះដែរ។ ព្រោះមិនដែលឃើញ មានអាជ្ញាធរឬមន្ត្រីជំនាញណា ចុះមកហាមឃាត់ឬធ្វើការបង្ក្រាបឡើយ។
ជុំវិញការលើកឡើងរបស់ពលរដ្ឋ ពាក់ព័ន្ធកាយភ្នំ នេះ លោក «ហោ» ម្ចាស់គ្រឿងចក្រ បានអោយដឹងថា រឿងនេះ លោកបានសុំអនុញ្ញាត ទៅខាងស្រុក ខាងខេត្ត និងខាងរ៉ែ ដែរ ដោយយកទៅធ្វើផ្លូវមួយខ្សែ ប្រវែង២០០០ម៉ែត្រ នៅឃុំឈើទាល រួចក៏បិទទូរស័ព្ទ។
ដោយឡែក លោក កោះ សេងហាវ មេឃុំឈើទាល បានឲ្យដឹងថា បញ្ហារឿងហ្នឹង គឺជាគម្រោង ខាងឃុំ បានស្នើរ ទៅស្រុកនិងមានការឯកភាព ពីអភិបាលខេត្ត ផងដែរ ទើបខាងឃុំ បានឲ្យគ្រឿងចក្រ ចូលមកចាក់ដី ធ្វើផ្លូវមួយខ្សែមានចម្ងាយ២០០០ម៉ែត្រនិងដីគ្រួសចំនួន២០០ឡាន។
ពាក់ព័ន្ធករណីនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចផ្អាកសកម្មភាព ម្ចាស់អាជីវកម្ម នោះភ្លាម បើពុំមានការស្នើសុំត្រឹមត្រូវ។
លោកបន្តទៀតថា ចំពោះគ្រឿងចក្រ ដែលចូលមកយកអាចន៍ដីនោះ គឺមានការស្នើសុំ ពីឃុំស្រុក និងមានការឯកភាពពី លោកអភិបាលខេត្តតាំងពីដើម ខែកញ្ញា មកម្លេះ។ ហើយមួយវិញទៀត ការស្នើរសុំ របស់ ឃុំឈើទាល គឺមានដីគ្រួសចំនួន២០០ឡាន ប្រវែងផ្លូវ២០០០ម៉ែត្រ។
គួររំលឹកថា នៅពេលអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាព គ្រឿងចក្រកំពុងធ្វើសកម្មភាព នៅលើខ្នងភ្នំដី នោះ ឃើញឡានជាច្រើនគ្រឿង បានដឹកដី ចេញមកខាងក្រៅ ប៉ុន្តែ ម្ចាស់គ្រឿងចក្រ ថាយកទៅធ្វើផ្លូវ។
មជ្ឈដ្ឋាននានា លើកឡើងថា ការបកស្រាយរបស់ លោក មេឃុំ ឈើទាល ហាក់បីដូចជាមានការលាក់លៀមមមិនច្បាស់លាស់ បើយោងទៅតាមការស្នើរសុំ ជាមួយនឹងថ្នាក់ដឹកនាំខេត្ត ដោយហេតុថា ការស្នើរសុំ ធ្វើផ្លូវតែមួយខ្សែទេ នៅពេលបកស្រាយថា មានច្រើនខ្សែទៅវិញ៕ SRP ដោយប៊ុនថេត



