មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសូមមហាផ្ទៃ បានលើកឡើងថា៖ «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ»។
សម្ដេច ស ខេង បន្តថា៖ តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់ បំពេញការងារយកសំណាក និងតាមដានសុខភាព របស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូង រហូតដល់បញ្ចប់ ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
ខ្ញុំក៏សូមអរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីសហការ ខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។
ខ្ញុំសូមអំពាវនាវ បងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ ដោយសារព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។
ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩៕SRP