ខេត្តកំពត៖បើទោះបីជាមានការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋ យ៉ាងណាក៏ដោយ ក៏ តា លឹម ញន នៅតែបន្តសកម្មភាព របស់ខ្លួន ប្រើប្រាសគ្រឿងចក្រ កាយបំផ្លាញភ្នំ យកធ្វើមានធ្វើបានតាមអំពើចិត្ត។
ប្រជាពលរដ្ឋ នៅក្នុង ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថាបច្ចុប្បន្នមេឈ្មួញ លឹម ញន ម្ចាស់គ្រឿងចក្រនៅតែបន្ត កាយដីភ្នំធំ ធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរជំនាញឡើយ។
បើតាមការបង្ហើប ពីមន្ត្រីតូចតាច នៅក្នុងខេត្តកពត បានឲ្យដឹងថា ការដែល លោក លឹម ញន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺសង្ស័យមានការឃុបឃិត បើកដៃពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត កំពត ទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូន។
ជុំវិញការកាយភ្នំនេះ អ្នកសារព័ត៌មានបានរាយការណ៍ជូន លោក ជាវ តាយ អភិបាល ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ មានករណី កាយដីភ្នំមួយកន្លែង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ហើយ អភិបាលខេត្តបានមានប្រសាសន៍ថា ជួយថតរូបផ្ញើមកឱ្យខ្ញុំមើលផង។ដោយ ឡែកលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពលខេត្តកំពត អ្នកសារព័ត៌មាន មិនអាចសុំការ បំភ្លឺបានទេ ដោយសារទូរស័ព្ទ របស់លោក មិនអាចទំនាក់ទំនងបាន៕SRP

