មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖រង្វង់មូលក្នុងស្រុកបន្ទាយស្រី គឺជារង្វង់មូលមួយ ដ៏សែនធំជាគេ នៅកម្ពុជា។ ដោយសាតែរង្វង់មូលមួយនេះ មានទំហំធំ ហើយហាក់នៅឆ្ងាយពីទីប្រជុំជន ទើបទីនោះក្លាយ ទៅជាកន្លែងចង់គោ.ក្របី និងវាលចាក់
សំរាម។ល។
ក្រោមក្រសែភ្នែកមនុស្ស ជាច្រើននាក់ ដែលបានសម្លឹងមើលក្នុងមួយថ្ងៃៗ ក៏មានការលើកឡើង ហើយបរិយាយបែបផ្សេងៗគ្នា ដោយអ្នកខ្លះបង្ហាញពីក្តីសង្វេកនិងខ្លះទៀត បង្ហាញពីភាពរិះគន់ផងដែរ។
ជាមួយគ្នានោះដែរ អាជ្ញាធរស្រុកបន្ទាយស្រីក៏ បានអះអាងថា នឹងដាំស្មៅ រួមទាំងផ្កាចម្រុះពណ៌ ហើយកែប្រែរង្វង់មូល ដែលគ្មាន២នៅកម្ពុជាមួយនេះ អោយទៅជាទេសភាពបៃតង និងជាតំបន់ទាក់ទាញឡើងវិញ។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថា អាជ្ញាធរខេត្ត រួមទាំងមន្ទីរទេសចរណ៍ខេត្តសៀមរាប គ្រោងរៀបចំក្រែប្រែរង្វង់មូលនេះ ដោយមានដាក់តាំងរូបសំណាកផងដែរ។ តែមិនទាន់ដឹងច្បាស់ថា នឹងត្រូវដាក់រូបអ្វី ហើយការកែប្រែនោះ និងត្រូវបង្រួមអោយតូចឬយ៉ាងណានោះទេ។ តែ ដោយគម្រោងរបស់ខេត្តនៅមានរយ:ពេលយូ ចឹងទេរូបលោករួមទាំងមន្ត្រី ត្រៀមរៀបចំសំអាតបណ្តើរៗ ដោយដាំស្មៅ ដាំផ្កាចម្រុះពណ៌ រៀបចំប្រព័ន្ធទឹក បញ្ចៀសការចងគោ ក្របី និងចោលសំរាម
ធ្វើយ៉ាងណាអោយតំបន់នោះ ក្លាយជាតំបន់ទាក់ទាញ។
លោកអភិបាលបន្តថា រង្វង់មូលមួយនេះកសាងឡើងក្នុងអំឡុងឆ្នាំ២០១០.២០១១ ក្នុងតំណែងលោកស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។ រង្វង់មូលនេះមានផ្ទៃក្រឡាជាង២ម៉ឺនម៉ែត្រក្រឡា(ជាង២ហិកតា) ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី ដោយមានចម្ងាយជាង៤០គីឡូម៉ែត្រពីទីប្រជុំជននៃក្រុងសៀមរាប។
លោកឃឹម ហ្វីណង់ បន្ថែមថា អ្នកទេសចរណ៍ ក៏ដូចជាពលរដ្ឋ ផ្សេងទៀត អាចស្គាល់រង្វង់មូលដ៏សែនធំនេះ ប្រសិនបើពួកគេ ដើរទស្សនាប្រាសាទ ក៏ដូចជារមណីយដ្ឋាន ភ្នំគូលែន ដោយឆ្លងកាត់រង្វង់មូលនេះ។
សូមរំលឹកថា រង្វង់មូលដ៏សែនធំ ដែលអាច
និយាយបានថា នៅកម្ពុជាគ្មាន២នេះ ថ្វីបើគ្មានការចាប់អារម្មណ៍ គ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក ប៉ុន្តែក៏ជាទីតាំងដែលធ្លាប់ជួយសង្គ្រោះជីវិតមនុស្ស រាប់ពាន់នាក់រួចមកហើយដែរ។ កាលពីអំឡុងឆ្នាំ២០១១កន្លងទៅ ទឹកជំនន់បានវាយប្រហារមកលើព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាប ដែលបង្កការលិចលង់ខ្លាំង រង្វង់មូលដ៏សែនធំមួយនេះ គឺជាទីតាំង ក៏ដូចជាទី ជម្រក របស់ពលរដ្ឋរាប់ពាន់នាក់។ ក្រៅពីនោះ ក៏ជាកន្លែងចុះចត របស់ឧត្ថម្ភាគចក្រ ក្នុងពេលសង្គ្រោះពលរដ្ឋ ដែលរងការវាយប្រហារដោយទឹកជំនន់ផងដែរ។
ទោះបីយ៉ាងណា គេរំពឹងថា រង្វង់មូលដ៏សែនធំមួយនេះ នឹងប្រែមុខមាត់ឡើងវិញ តាមរយ:ការអះអាងរបស់អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់៕SRP



