មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តឧត្ដរមានជ័យ៖ល្បែងឆ្នោតស្របច្បាប់ កំពុងកើតមានយ៉ាងព្រោងព្រាត នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីសន្តិសុខសុវត្ថិភាព ជាពិសេស គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ពាក់ព័ន្ធទៅនឹងល្បែងឆ្នោត ស្របច្បាប់នេះ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីបំភ្លឺ ក្រោយពីមានបណ្ដាញសារព័ត៌មានធ្វើការផ្សព្វផ្សាយ។
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ស្នងការខេត្តដ៏មានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យមានកិត្តិយស សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មានឈ្មោះ សារព័ត៌មានម្ចាស់ទន្លេមេគង្គ បានចុះផ្សាយនូវអត្ថបទព័ត៌មានពាក់ព័ន្ធនឹងឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងភរិយាកំពុងពង្វក់ពង្វីប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យលេងល្បែងស៊ីសង (លក់ឆ្នោតវៀតណាម-ខ្មែរ) ដោយធានាទាំងផ្លូវច្បាប់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ពាក់ព័ន្ធដល់ព័ត៌មានខាងលើ ស្នងការនគរបាលខេត្តឧត្តរមានជ័យបានចាត់មន្ត្រីជំនាញបើកការស្រាវជ្រាវ ទទួលលទ្ធផលដូចខាងក្រោម៖
១-លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) មានឈ្មោះ ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយាឈ្មោះ លី លីង (LY LING) ឆ្នាំកំណើត ១៩៨១ ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ។
២-ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ក្នុងការផ្សព្វផ្សាយ ចែកចាយ លក់ឆ្នោតមហាលាភឡូតូ និងលាភសម្បត្តិ ព្រមទាំងទទួលបានការអនុញ្ញាតធ្វើអាជីវកម្មឆ្នោតបន្ថែមមួយចំនួនទៀតដូចជា ឆ្នោតសន្លឹក ឆ្នោតកោសសន្លឹក ឆ្នោតកោសឌីជីថល (កោសភ្លាមឈ្នះភ្លាម) ឆ្នោតឡូតូ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ (រួមមានរង្វាន់លួងចិត្ត ៥ខ្ទង់ ៤ ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់) ដោយចេញលទ្ធផល២ដងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រចាំខេត្តឧត្តរមានជ័យ គឺបានទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រឹមត្រូវ។
៣-លោកឧត្តមសេនីយ៍ឯក ទូច សុភា បានបំភ្លឺថា រថយន្តពាក់ស្លាកលេខនគរបាល 2-7712 ជារថយន្តស្ថិតក្នុងបញ្ជីគ្រប់គ្រងយានយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកទទួលបានការអនុញ្ញាតប្រើប្រាស់រថយន្តនេះជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ និងម្តងម្កាលធ្លាប់បានប្រើប្រាស់ជូនក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ប៉ុន្តែពុំធ្លាប់បានប្រើប្រាស់រថយន្តនេះជាមធ្យោបាយក្នុងប្រតិបត្តិការអាជីវកម្មរបស់ភរិយានោះទេ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ស្នងការដ្ឋាននគរបាលខេត្ត រីករាយស្វាគមន៍ចំពោះកិច្ចសហការរបស់លោក លោកស្រីជានិច្ច ក្នុងការអន្តរាគមន៍អនុវត្តជំនាញ នៅក្នុងដែនភូមិសាស្ត្រ សមត្ថកិច្ចរបស់ខ្លួន។
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យបានលើកឡើងថា ចាប់តាំងពីមានល្បែងឆ្នោតខាងលើនោះមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែមានអំពើចោរកម្មជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង៕SRP




