ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ សមត្ថកិច្ចស្រុកថ្មគោល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុនិង ៣នាក់ទៀតរងរបួស រវាងរថយន្តដឹកទំនិញធុនធំ ដឹកទឹកកកនិងរថយន្តធុនតូចទិសផ្ទុយគ្នា។
ហេតុការណ៍សោកនាដកម្មនេះ នៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ផង់សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថារថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ(3F-0169) បើកពីទិសខាងត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តកាមរី(Camry) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ(2A-0377) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់ ចំនួន០៨នាក់ ប្រុស០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០៣ នាក់ប្រុស។
របាយការណ៍បន្តថា
១/អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ )។
២/អ្នករួមដំណើរឈ្មោះ ហ៊រ ហាន ប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តពោធិ៍សាត់ (របួសស្រាល)។
៣/អ្នកបើកបររថយន្តកាមរីឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ( របួសធ្ងន់ )
៤/អ្នករួមដំណើរឈ្មោះ យឿន សុខ ភេទប្រុស ៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ (ស្លាប់)។
៥/អ្នករួមដំណើរឈ្មោះ រស់ ពៅ ស្រី៣៨ ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)
៦/អ្នករួមដំណើរឈ្មោះ រស់ មី ស្រី អាយុ ៥៧ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់) ។
៧/អ្នករួមដំណើរឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
៨/អ្នករួមដំណើរឈ្មោះ យឿន ចាន់ណា ប្រុស អាយុ១៦ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
៩/អ្នករួមដំណើរឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
១០/អ្នករួមដំណើរឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ។
១១/អ្នករួដំណើរឈ្មោះ យឿន វណ្ណឆាយ ភេទប្រុស អាយុ ១ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល)។
អធិការស្រុកបានបញ្ជាក់ថា មូលហេតុ ដោយសារតែរថយន្តធុនតូច បែកកង់ ហើយបុកគ្នាតែម្ដង។ ជនរងគ្រោះទាំង៨នាក់ ដែលស្លាប់ សមត្ថកិច្ចចម្រុះ សម្រេចបូជា នៅវត្តអូតាគីទាំងអស់៕SRPដោយប៊ុនថេត