មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តព្រៃវែង៖ជុំវិញរថយន្តដឹកដី ដោយគ្មានសណ្តាប់ធ្នាប់ របស់ឈ្មោះ «ឃាង» នៅភូមិ ស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង អាជ្ញាធរបានព្រមានចាត់វិធានការ តាមផ្លូវច្បាប់ បើនៅតែ មិនគោរព តាមការណែនាំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា បើទោះបីអាជ្ញាធរស្រុក ធ្លាប់ហៅមកប្រជុំណែនាំយ៉ាងណាក៏ដោយ ក្រុមរថយន្តដឹកដី ទាំងនេះនៅតែផ្គើន ដឹកដោយគ្មានសណ្តាប់ធ្នាប់ ដដែល ហាក់បីដូចជា មិនញញើតនឹងគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ។
ប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមរថយន្តដឹកដីទាំងនេះ តែងតែដឹកជញ្ជូន.យ៉ាងអាណាធិបតេយ្យ ដោយគ្មានគ្រប និងដាក់សន្ទះ អោយបានត្រឹមត្រូវឡើយ ពោលធ្វើអោយធ្លាក់ដីរាយប៉ាយពេញផ្លូវតែម្ដង។ ចំណែករថយន្តវិញភាគច្រើន ជារថយន្តកែឆ្នៃ ជាហេតុ ធ្វើអោយពួកគាត់មានការព្រួយ បារម្ភ រាល់ការធ្វើដំណើរ
ផងដែរ។
ជុំវិញការលើកឡើងរបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា បានបញ្ជាក់ថា៖ តាមពិតក្រុមរថយន្តដឹកដីទាំងនេះ ខាងអាជ្ញាធរឃុំ ស្រុក ធ្លាប់បានហៅ ម្ចាស់រថយន្ត មកប្រជុំណែនាំជាច្រើនដងមកហើយ កាលពីពេលថ្មីៗនេះ។តែក្រុមរថយន្តដឹកដីទាំងនេះ នៅតែមិនស្តាប់។ បើនៅតែមិនស្តាប់ទេ ខាងអាជ្ញាធរនឹងមានវិធានការទៅលើក្រុមនេះហើយ។
ដោយឡែក លោក ហុង ដានី ប្រធានការិយាល័យសារធារណការស្រុក បានបញ្ជាក់ ថា៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ខាងអាជ្ញាធរស្រុក បានហៅក្រុមរថយន្តដឹកដីទាំងនេះ មកប្រជុំធ្វើការណែនាំរួចហើយ តែពួកគេនៅតែមិនស្តាប់។ បើនៅតែរបៀបនេះទៀត លោកនឹងសុំគោលការណ៍ពីខាងលោកអភិបាលស្រុក ដើម្បីធ្វើការផាកពិន័យ តាមផ្លូវច្បាប់ហើយ។
ទោះជាយ៉ាងណា លោក ហ៊ី ធួក អភិបាលស្រុកពារាំង មិនទាន់ឆ្លើយតប នៅឡើយទេចំពោះបញ្ហានេះ។ ករណីរថយន្ត ដឹកដី នេះ ប្រជាពលរដ្ឋ កំពុងរងចាំមើល ចំណាត់ការរបស់ អាជ្ញាធរ នឹងសង្ឃឹមថាវិធានការជាក់ជាមិនខាន៕SRPសូ សុខា





