ខេត្តសៀមរាប៖បន្ទាប់ពីមាន ការភ្ញាក់ផ្អើល បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា មន្ត្រីអប្សរានិងរដ្ឋបាលព្រៃឈើ បាញ់សត្វស្វាចំនួន២ក្បាល ពីចុងឈើ ហើយធ្លាក់មកលើថ្ម បណ្ដាលឲ្យងាប់ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើ មន្ត្រីដែលបានចុះទៅ អនុវត្ត ប្រមូលសត្វស្វា នៅតំបន់ឧទ្យាន្តអង្គរ ដោយលើកឡើងថា សត្វស្វាទាំងនេះ កាច ធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរណ៍។
ករណីនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានធ្វើការបដិសេធថា មិនមានបាញ់សត្វស្វា ឲ្យងាប់នោះទេ គឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បាញ់ឲ្យសន្លប់តែប៉ុណ្ណោះ។ សំឡេងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល៖
ការចុះទៅចាប់សត្វស្វានេះ នាថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ព្រឹកមិញ នៅតំបន់ប្រាសាទបាយ័ន នៃខេត្តសៀមរាប។
ជុំវិញហេតុការណ៍នេះ ក្រុមពលរដ្ឋនិងអ្នកនិយមថតរូបសត្វស្វា បង្ហោះក្នុងយូធូប(YOUTUBE)នៅតំបន់អង្គរ ជាច្រើននាក់ បានសម្តែងការមិនសប្បាយចិត្ត ដោយការបាញ់ប្រហារ សត្វស្វា ដោយខ្វះបច្ចេកទេសបែបនេះ។
ទោះយ៉ាងណា ហ្វេសប៊ុកបានបង្ហោះថា មន្ត្រីបានបាញ់សត្វស្វា ទម្លាក់ពីលើចុងឈើ ធ្លាក់មកចំដុំថ្មបណ្តាលឲ្យស្លាប់អស់ចំនួន២ក្បាល។
សូមជម្រាបថានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានប្រកាសថា សត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។
ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។
តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា នៅថ្ងៃនេះអាជ្ញាធរ ចាប់សត្វស្វា បានចំនួន១៦ក្បាល ហើយនឹងត្រូវយកទៅធ្វើចត្តាឡីស័ក សិនទើបត្រូវយកទៅព្រលែងនៅតំបន់រមនីយដ្ឋានភ្នំតាម៉ៅ៕SRP







