មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកំពង់ចាម៖រថយន្តដឹកឈើ របស់ក្រុមហ៊ុនស៊ីងបាយអូថេក១គ្រឿង បានក្រឡាប់ផ្ងារជើងធ្លាយចេញមកសុទ្ធតែឈើប្រភេទលេខ១ ប្រមាណជាង៣០ម៉ែត្រគូប ជ្រៀកជាបួនជ្រុង ប្រវែងជាង៣ម៉ែត្រ ខណៈដែលអ្នកបេីកបររថយន្តរងរបួសស្រាលម្នាក់។
ហេតុការណ៍នេះ បានកេីតមានឡើង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅកំណាត់ផ្លូវចូលភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភពបានឲ្យដឹងថា រថយន្តដឹកឈេីខាងលេី មានលិខិតច្បាប់អនុញ្ញាត ឲ្យដឹកជញ្ជួនឈេី ក្នុងមួយគ្រឿងប្រមាណជាង១៧ម៉ែត្រគូបតែប៉ុណ្ណោះ និងជាឈើប្រភេទឈេីលេខ៣ ចេញពីទឹកដីខេត្តក្រចេះឆ្ពោះទៅកាន់ខេត្តកណ្តាល។ ប៉ុន្តែបើតាមការកត់សម្គាល់ឈើប្រភេទសុក្រំ ស្រឡៅ កែច្នៃជារាងជ្រុងៗបែបនេះជាប្រភេទឈើនាំចេញទៅក្រៅប្រទេស។
ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តដឹកឈើដូចរថយន្តក្រឡាប់នេះច្រើនគ្រឿងណាស់ ក្នុងមួយយប់ៗ ដែលធ្វើសកម្មភាពបែបនេះជាច្រើនខែមកហើយ គឺបើកបរលឿនៗណាស់ដោយគ្របតង់បិទជិតផ្នែកទ្រុង ឬរឺម៉ក។
ជាក់ស្តែងរថយន្តដែលក្រឡាប់នេះ គឺគ្មានឧបសគ្គនៅខាងមុខឡើយ គឺបណ្តាលមកពីបើកបរលឿន ផ្លូវចុះចំណោត និងផ្លូវកោងទើបក្រឡាប់តែម្តង។
ជុំវិញករណីរថយន្តដឹកឈើក្រឡាប់ នេះ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម បានឲ្យដឹងថា រថយន្តដឹកឈើក្រឡាប់នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំពោះបើថា ដឹកលើសច្បាប់អនុញ្ញាត និងខុសប្រភេទពីលេខ៣ ទៅជាលេខ១នោះ លោកនឹងចាត់តាំងមន្ត្រីជំនាញចុះទៅវាស់វែងពិនិត្យជាក់ស្តែង៕SRP




