មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកំពង់ចាម៖ត្រសក់ស្រូវជាដំណាំម្យ៉ាងដែលគេអាចយកទៅកែច្នៃជាមុខម្ហូបច្រើនយ៉ាង និងរក្សាទុកឲ្យបានយូរទៀតផង ដែរប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម និយមលេីការដាំដុះ ដំណាំកសិកម្ម ប្រភេទនេះ ហើយ ទៅត្រាំទឹកអំបិល រួចដាក់ហាលថ្ងៃ ឲ្យបានស្ងួតល្អបន្តិច ទេីបលក់បន្តទៅឲ្យអ្នកដ៏ទៃ ដេីម្បីយកទៅកែច្នៃជាម្ហូបអាហារ តាមចំណង់ចំណូលចិត្ត ព្រោះវាគ្មានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព នោះឡើយ។
បេីតាមការរៀបរាប់ ពីស្ត្រីម្នាក់ ឈ្មោះ គង់ សុភី ដែលជាគ្រួសារ កសិករ នៅភូមិពោធិសាលាទី២ ដែលគាត់មានផ្ទៃដីប្រមាណ ជាកន្លះហិកតា សម្រាប់ ប្រកបមុខរបរដាំដំណាំ ត្រសក់ស្រូវ ក្រៅពីដីដំណាំរួមផ្សំផ្សេងទៀត ដោយដំបូងគឺគាត់បានទៅទិញគ្រាប់ពូជ យកមកពីផ្សារ ដោយក្នុង១ប៉ុង ទម្ងន់១ខាំ តម្លៃ១០ម៉ឺនរៀល ដែលក្នុង២កំប៉ុង ដាំបានដីកន្លះហិកតា រួចស្រោចទឹកដាក់ជីតាមការកំណត់ឲ្យបានត្រឹមត្រូវ ក្នុងរយៈពេល៣៥ថ្ងៃ ទេីបគាត់ទទួលបានផល ដែលល្អជាងការដាំដុះ តាមទម្លាប់នាពេលកន្លងមកនោះ។
កសិករដដែលបញ្ជាក់ទៀតថា ចំពោះការប្រកបមុខរបរដាំត្រសក់ស្រូវនេះ គឺគាត់ទទួលបានផលជារៀងរាល់ថ្ងៃ ក្នុងរយៈពេលជាង១ខែឯណោះ ដោយក្នុងផ្ទៃដីកន្លះហិកតា ដល់ថ្ងៃទទួលផលដំបូង គឺបេះបានប្រមាណជា៤០០គីឡូក្រាម ក្នុង១ថ្ងៃ បន្ទាប់មកធ្លាក់ចុះនៅសល់ជាង៣០០គីឡូក្រាម និងបន្តធ្លាក់ចុះនៅសល់ជាង២០០គីឡូក្រាម ព្រោះដេីមវាចាស់។
ចំពោះការលក់ចេញក្នុងគីឡូក្រាមតម្លៃចាប់ពី៧០០រៀល ទៅ១០០០រៀល ដែលមិនពិបាកយកទៅលក់នៅទីឆ្ងាយនោះឡើយ។
ដោយឡែកលោក លី វុទ្ធី រស់នៅភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស
បានឲ្យដឹងដែរថា ចំពោះការផលិត ត្រសក់ត្រាំសម្រាប់ កែច្នៃជា ម្ហូបអាហារផ្សេងៗនេះ គឺលោកត្រូវទិញត្រសក់ស្រស់ ពីបងប្អូនប្រជាកសិករ ក្នុងភូមិ ដោយទិញចូលក្នុង១គីឡូក្រាម តម្លៃចាប់ពី៩០០រៀល ទៅ១០០០រៀល ហើយយកទៅដាក់ត្រាំទឹកអំបិលសុទ្ធ (ដោយគ្មានលាយសារធាតុអ្វីផ្សេងនោះទេ) ហើយដាក់ហាលថ្ងៃ រយៈពេល២ថ្ងៃ គឺអាចលក់ចេញបានក្នុង១គីឡូក្រាម តម្លៃចាប់ពី២០០០រៀល ទៅ២២០០រៀល ដោយក្នុង១ថ្ងៃទិញចូល និងលក់ចេញ ប្រមាណជា៧០០គីឡូក្រាម ទៅ១០០០គីឡូក្រាម ឯណោះ។
លោក លី វុទ្ធី បានបញ្ជាក់ទៀតថា ប្រសិនជាមានម៉ាស៊ីនសម្ងួត ការផលិតត្រសក់ស្រូវរបស់លោកមួយនេះ គឺវាកាន់តែមានភាព ងាយស្រួល ដោយមិនចាំបាច់ ឈរនៅហាលថ្ងៃប្រែ ចុះប្រែឡេីងទៀតទេ ហើយបើមានលទ្ធភាពផលិត ច្រកជាកំប៉ុង ទៀតនោះ វាកាន់តែល្អប្រសើរ ព្រោះមុខរបរមួយនេះគឺវាអាចជួយកែប្រែជីវភាពគ្រួសាររបស់គាត់ បានយ៉ាងល្អប្រសើរ ថែមមួយកម្រិតផងដែរ៕SRP












