មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ព្រឹកមិញ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១២បន្ទប់ ដែលជាអំណោយរបស់មូលនិធិ ហោ ណាំហុង-បូរី ហោ ផ្តល់ជូនវិទ្យាល័យអប់រំពិសេសកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានាផងដែរ។
លោក ហោ ណាំហុង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រទេសជាតិយើងទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍន៍ គ្រប់វិស័យ មិនថានៅរាជធានី ឬនៅតាមបណ្ដាខេត្ត-ក្រុងនោះទេ ដោយមានបរទេសបានទទួលស្គាល់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការដឹកនាំសាលារៀន ក៏ដូចជាការបម្រើដល់វិស័យអប់រំ រហូតទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈនាពេលកន្លងមក ជាពិសេសបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទៀតផង។
លោកក៏បានសំណូមពរដល់អ្នកគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ ឲ្យជួយថែរក្សាអគារថ្មីនេះ ទុកសម្រាប់ក្មួយៗ ចៅៗ ដែលជាទំពាំងស្នងឫស្សី បានសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ ប្រកបដោយគុណភាព។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សិស្សក្នុងវិទ្យាល័យអប់រំពិសេស សរុបចំនួន១៧២នាក់ ក្នុងនោះសិស្សពិការភ្នែកមាន៥៥នាក់ និងគផ្លង់ចំនួន១១៧នាក់ ចាប់ពីថ្នាក់បឋម ដល់វិទ្យាល័យ ដោយមានបុគ្គលិកសរុបចំនួន៣០នាក់។ អគារសរុបចំនួន៧ខ្នង ស្មើនឹង៤១បន្ទប់ ក្នុងនោះអគារស្នាក់នៅថ្មី១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១២បន្ទប់ ដែលជាអំណោយរបស់មូនិធិ ហោ ណាំហុង-បូរីហោ សរុបជាទឹកប្រាក់ប្រមាណជា ២៩១.២០៤ដុល្លារអាមេរិក។
ក្នុងនោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានចុះសួរសុខទុក្ខបុគ្គលិក កុមារពិការភ្នែក និងគថ្លង់ ចំនួន២ដង ក្នុង១ឆ្នាំ ដោយបានរៀបចំអាហារថ្ងៃត្រង់ ព្រមទាំងឧបត្ថម្ភជាសំភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់បុគ្គលិក សិស្សានុសិស្ស និងសម្រាប់សាលារៀនផងដែរ៕SRP










