ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថានៅឆ្នាំ២០២២ ក្រុងសៀមរាបនិងប្រែមុខមាត់ថ្មី ក្រោយពីបញ្ចប់គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ។
អភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែជំងឺកូវីដ១៩ បានធ្វើឲ្យខេត្តសៀមរាប បាត់បង់ភ្ញៀវទេសចរណ៍ បរទេស ស្ទើរទាំងស្រុង។ ប៉ុន្តែទោះបីយ៉ាងនេះណាក្ដី សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានផ្ដល់ថវិកា សម្រាប់សាងសង់កែលម្អផ្លូវនៅក្រុងសៀមរាប ឲ្យឱ្យមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីសក្កិសមជាទីក្រុងទេសចរណ៍។
ជាពិសេសក្រោយពីបញ្ចប់វិបត្តិ កូវីដ ខេត្តសៀមរាប នឹងអាចទទួលបាននូវភ្ញៀវទេសចរជាតិអន្តរជាតិដូចដើមវិញ។
អភិបាលខេត្តថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារការិយាល័យ សភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងឃុំខ្នារសង្កាត់ជ្រាវក្រុងសៀមរាប។
អភិបាលខេត្តសៀមរាប ក៏ថ្លែងកោតសរសើរ
ចំពោះ សភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការ សម្របសម្របសម្រួល
លើវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេស បានធ្វើឲ្យវិស័យឯកជន ចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើន មកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ ដែលប្រការនេះ គឺពិតជាបានជំរុញ ដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរ ឱ្យបានកាន់តែប្រសើរថែមទៀត។
អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយបញ្ចប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្ព មាត់ស្ទឹងសៀមរាប នឹងលើកកម្ពស់ សោភ័ណភាព ក្រុងសៀមរាប ពិសេស បានរួមចំណែកយ៉ាងខ្លាំង ដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល។
បើតាម លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ មានប្រសាសន៍ថា៖ ឆ្នាំ២០១៩-២០២០ ទោះបីស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងជំងឹកូវីដ-១៩ក៏ដោយ ក៏សភាពាណិជ្ជកម្មខេត្ត បានចូលរួមសកម្មភាព ការងារសង្គមជាមួយអាជ្ញាធរដែនដីខេត្ត ស្ថាប័នរាជរដ្ឋាភិបាល ដៃគូឯកជននានានិងអ្នកវិនិយោគទុន ជាច្រើន។ ហើយសង្ឃឹមថាក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ដើម្បីឱ្យសេដ្ឋកិច្ច ខេត្តសៀមរាបមានភាពរស់រវើឡើងវិញ។
សភាពាណិជ្ជកម្មខេត្តក៏នឹងខិតខំបំពេញការងារបន្ថែមទៀត តាមរយៈជួយលើកស្ទួយវិស័យឯកជន ក្នុងការធ្វើទំនាក់ទំនង ជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយបានដំណើរការបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំការងារ ក្នុងអាណត្តិនីមួយៗ៕SRP











