ខេត្តព្រះវិហារ៖លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពី លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលស្ថានភាពជំងឺកូវីដ មានការធូរស្រាលជាងមុន។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីឆ្នើមប្រចាំខែធ្នូ និង ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូប និងអនុប្រធានការិយាល័យមួយរូប ព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មីផងដែរ។
លោកប្រធានមន្ទីរ បានធ្វើការលើកទឹកចិត្ត និងដាស់តឿន ក្រើនរំលឹកដល់មន្ត្រីគ្រប់រូប បន្ដខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន និងអភិវឌ្ឍ ខ្លួនឱ្យមានភាពរីកចម្រើន ដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕SRP




