ខេត្តកំពង់ចាម៖ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទDBST ១ខ្សែ ប្រវែង៦.៥៥០ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លេីង ឃុំកោះរការ ស្រុកកំពង់សៀម និងសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៤ខ្សែ ប្រវែង៤៤១៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម នៅថ្ងៃទី២១ ខែមករា ព្រឹកមិញនេះ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍ ទៅដល់ ទីនោះ តែងតែមានការរីកចម្រើន ដោយជីវភាព ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ព្រោះផ្លូវគឺជាសរសៃឈាម នៃសេដ្ឋកិច្ចយ៉ាងសំខាន់។
លោក អ៊ុន ចាន់ដា បានថ្លែងថា ដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ទេីបមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះទេសូមពុកម៉ែបងប្អូន ជឿទុកចិត្តគ្នា ទៅវិញ ទៅមក ជាមួយអាជ្ញាធរនៅទីនេះចុះ ដេីម្បីយេីងបន្តរួមគ្នា ធ្វើការអភិវឌ្ឍ រីកចម្រើន តទៅមុខទៀត ដោយមិនមានការភូតកុហកបោកប្រាស់ ឬមួយរត់ចោលពុកម៉ែបងប្អូននោះឡើយ។
អភិបាលខេត្ត បានធ្វេីការណែនាំ ដល់មន្ត្រីបច្ចេកទេស ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដោយលេីកឡើងថា ផ្លូវ១ខ្សែនេះយេីងអាចចាត់ទុកជាផ្លូវក្រវ៉ាត់ក្រុង។ ដូច្នេះត្រូវធ្វើឲ្យបានឆាប់រួចរាល់ មិនឲ្យផុតពីឆ្នាំ២០២១នេះទេ ហេីយធ្វើយ៉ាងណាត្រូវឲ្យបានស្អាតល្អ ទាំងមានគុណភាពរឹងមាំ ប្រយោជន៍ ដល់ការប្រេីប្រាស់ បានយូរអង្វែងផង ហេីយសូមធ្វើចលនា ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមដាំដេីមឈេីលំអរតាមដងផ្លូវផងដែរ។
អភិបាលខេត្ត ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋថា ផ្លូវនេះជាផ្លូវរបស់ពុកម៉ែបងប្អូនហេីយ ដូច្នេះសូមប្រេីប្រាស់តាមតំរូវការចុះ តែសូមចូលរួមថែទាំផង ជាពិសេស ពេលបានផ្លូវល្អហើយ សូមអប់រំកូនចៅឲ្យបេីកបរ ដោយមានការប្រុងប្រយ័ត្នផងដែរ៕SRP




