ខេត្តសៀមរាប៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ក៏ប៉ុន្តែការផ្គត់ផ្គង់ ដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត ខណៈពេលដែល កសិករជួបប្រទះនូវភាព មិនប្រាកដប្រជា នៃតម្លៃកសិផលដែលផលិតបាន។
ក្រសួងពាណិជ្ជកម្ម ជាស្ថាប័ន អនុវត្តគម្រោង ដោយផ្តោតលើផលិតផល សំខាន់ៗ ចំនួន០៥មុខ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និង សូត្របៅ ហើយបាននិងកំពុងអនុវត្តន៍ នៅក្នុងខេត្តគោលដៅចំនួន១៨ ចែកចេញជាបីមណ្ឌលភូមិភាគគឺ មណ្ឌលភូមិភាគនិរតី បណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលខេត្តសៀមរាប ស្ថិតនៅក្នុងមណ្ឌល ភូមិភាគនេះ។
លោកថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ អេមព្រីស អង្គរខេត្តសៀមរាប ក្នុងពេលអញ្ជើញជាអធិបតីភាពចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងផ្សារកសិផល និងចំណីអាហារ (FAM) និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ុនដាសទ្រី ខូ អិល ធីឌី (LYLY)។
លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងជំរុញ ឲ្យភាគីទាំងពីរ សហការគ្នា ដើម្បីធ្វើឲ្យដំណើរការ នៃការផ្គត់ផ្គង់ និង បញ្ជាទិញផលិតផល កសិពាណិជ្ជបន្លែ រក្សាឲ្យបាននូវនិរន្តរភាព ទាំងបរិមាណ និងគុណភាព។ ភាគីទាំងពីរ ត្រូវមានការចែករំលែកនូវព័ត៌មាន ជាមួយគ្នាទៅវិញ ទៅមក និងសម្របសម្រួល ជាមួយភាគី ពាក់ព័ន្ធនានា ដើម្បីធ្វើការដោះស្រាយ នូវរាល់បញ្ហានានា ដែលអាចកើតមានឡើង។
សូមជម្រាបថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ផ្សារកសិផល និងចំណីអាហារ និងក្រុមហ៊ុន លី លី ហ្វីងអ៊ុនដាសទ្រី ខូ អិល ធីរឺ ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផល កសិពាណិជ្ជកម្ម បន្លែ នាពេលនេះ គឺជាសមិទ្ធផល មួយទៀតដែលកើតចេញពីការប្រឹងប្រែង របស់គម្រោង AIMS ក្រសួងពាណិជ្ជកម្ម ក្នុងការ តភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថ ប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។
ទន្ទឹមនឹងនេះប្រទេសកម្ពុជា ក៏មានសក្តានុពល ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ពិសេស ទីផ្សារអឺរ៉ុប អាម៉េរិក និងអាស៊ី ហើយផលិតផលដែលកែច្នៃពីផលិតផលកសិ-ពាណិជ្ជកម្មបន្លែ គឺជា ផលិតផលដែលកម្ពុជាមានលទ្ធភាពក្នុងការពង្រីកបន្ថែមទៅលើបណ្តាមុខទំនិញជាច្រើនក្រៅពី អង្ករ ម្រេច សំលៀកបំពាក់ ស្បែកជើង កាបូប និងកង់ជាដើម៕SRP