ភ្នំពេញ៖តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងរង្វង់៧%»។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរនេះ ធ្វើឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការលើកកម្ពស់ ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ កម្មការិនី និយោជិក តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំ មិនថាខណៈដែលកម្ពុជា ស្ថិតក្នុងដំណាក់កាល វិបត្តិកូវីដ១៩ក្តី។
លោកបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចនេះ ពិតជាបានសបញ្ជាក់ ពីភាពរឹងមាំ របស់កម្ពុជា និងភាពទទួលខុសត្រូវ ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប និងបំពេញតម្រូវការប្រជាពលរដ្ឋ។
លោកហ៊ុន ម៉ានី បន្ថែមថា ឈរលើមូលដ្ឋានដ៏ច្បាស់លាស់ ដើម្បីបន្តកសាង និងការពារជាតិមាតុភូមិ តាមរយៈគោលការណ៍១១ខ ដែលក្តោបរួមលើគ្រប់ទិដ្ឋភាព និងវិស័យនានា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិ របស់ខ្លួន ដែលផ្សារភ្ជាប់ ទៅនឹងការថែរក្សា ការពាររាល់សមិទ្ធផលសង្គមជាតិ សន្តិភាព និងស្ថេរភាព និងការរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ចគ្រប់ដំណាក់កាល ទាំងអស់។
បើតាមហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ទោះបីជាត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជានឹងបន្តបេសកម្ម ក្នុងការដឹកនាំ បង្កើតសមិទ្ធផលថ្មីៗ និងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស ការឈានឆ្ពោះទៅកាន់ ការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា២០៣០ និង២០៥០៕SRP


