ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ថា ករណីលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលរងបណ្តឹងពីការបង្ខាំងមនុស្សជំរិតទារលុយនោះ សម្តេចនៅមិនទាន់ទទួលបានលទ្ធផលត្រួតពិនិត្យនៅឡើយទេ តែសម្តេចបញ្ជាក់ជំហរថា អ្នកណាក៏ដោយ ឲ្យតែប្រព្រឹត្តបទល្មើស គឺមានទោសហើយ បើរកឃើញភស្តុតាង។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេច ស ខេង បានចាត់ឲ្យមន្រ្តីក្រសួងមហាផ្ទៃ ចំនួន៦រូប ចុះធ្វើការស្រាវជ្រាវ ចំពោះពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីនគរបាលនៅខេត្តតាកែវ ដែលបានចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងនគរបាលខេត្តតាកែវ ពាក់ព័ន្ធនឹងអំពើពុករលួយចាប់មនុស្សជម្រិតទារប្រាក់។
តាមពាក្យបណ្តឹងនោះថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃកក្នុងការបង្ក្រាបបទល្មើសទេ គឺមានតែអួតអាង បង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួក បានចាប់បង្ខាំងជនរងគ្រោះ ជំរិតទារប្រាក់ចំនួន ២០ម៉ឺនដុល្លារ នឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួក បានធ្វើសកម្មភាព ចាប់បង្ខាំង ជនរងគ្រោះ ជាជនជាតិវៀតណាម ចំនួនបីនាក់ និងជនជាតិខ្មែរចំនួន២នាក់ ជម្រិតទារប្រាក់ ១០ម៉ឺនដុល្លារនិងបានដកហូតយកខ្សែដៃ និងខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យ បុគ្គិល ជាអ្នកបកប្រែ។ លុះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាង របស់ជនរងគ្រោះ ចំនួនពីរនាក់ បានមកប្តឹងតវ៉ា ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារ នៅអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុនៃក្រសួងការពារជាតិ ក្នុងគោលបំណងទាមទារឲ្យអនុវត្តច្បាប់ ចំពោះមន្ត្រីនគរបាល ជាន់ខ្ពស់ខាងលើ និងទាមទារយកសម្ភារ ដែលបានដកហូតពីជនរងគ្រោះ ដែលជាអ្នកវិនិយោគិនវៀតណាមត្រឡប់មកវិញ។
ក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មួយរូប (មិនស្គាល់ឈ្មោះ) បានយកសម្ភារ ទៅប្រគល់ជូនជនរងគ្រោះ វិញដល់រាជធានីភ្នំពេញ។
ករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បាន កោះហោះ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង មកសាកសួរពីដំណើររឿងបង្ខាំងមនុស្ស ខុសច្បាប់ម្តងរួចមកហើយ៕SRP

