ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួននៅរសៀលថ្ងៃនេះថា
«សេរីភាពសារព័ត៌មាន+សីលធម៌ទទួលខុសត្រូវ»។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា៖
មុននេះ បងប្អូនអ្នកកាសែតបានលើក៣ចំណុចសួរខ្ញុំ៖
១- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រំលឹកដល់អ្នកសារព័ត៌មាន កុំទៅថត ឡាយ យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អជ្ញាធរកំពុងបំពេញកិច្ចការ… បើមិនស្តាប់ការណែនាំទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួន។
២- ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ធ្វើការងារឲ្យបានច្បាស់លាស់ ហាមអ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណា ដែលសមត្ថកិច្ចកំពុងអនុវត្តការងារ ឬកំពុងតាមដានស្រាវជ្រាវកំណត់មុខសញ្ញាល្មើស ឬបង្ក្រាបបទល្មើស។ អ្នកបំពានការណែនាំនេះ សមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន។
៣- អង្គការសារព័ត៌មានខ្លះ បានសម្តែងមតិថា «វិធានការខាងលើ» ជាការរិតត្បិតសេរីភាពសារព័ត៌មាន។ ហើយកាសែតសួរខ្ញុំថា តើយល់យ៉ាងដូចម្តេច? ចម្លើយជាយោបល់ខ្ញុំគឺមានដូចតទៅ៖
• នេះគឺជាកិច្ចការ២ក្នុងគោលដៅតែមួយ គឺការពង្រឹងការអនុវត្តច្បាប់ ដើម្បីសុខសុវត្តិភាព និងសេចក្តីថ្លៃថ្នូរទាំងអស់គ្នា។ សូម្បីតែជនសង្ស័យ ក៏មានសិទ្ធិពេញលេញក្នុងការការពារ «ភាពគ្មានទោសរបស់ខ្លួន» ដែរ។ ដូច្នេះ ពួកគេ មិនគួរត្រូវបានកាត់ទោសដោយមហាជន តាមរយៈ សារព័ត៌មានដែល ឡាយ ចេញនោះទេ។ ដូច្នេះ ទាំងអស់គ្នាត្រូវគោរពសិទ្ធិនេះ។
• ត្រូវរៀននិយាយគ្នា រៀនស្តាប់គ្នា និងគោរពតួនាទីផ្សេងគ្នា។ ការស្នើសុំសហការ គឺជាវិធីល្អ និងថ្លៃថ្នូរបំផុត។ អ្នកសារព័ត៌មាន មានវិជ្ជាជីវៈ គេធ្វើបែបនេះ។ បើអ្នកចេះស្តាប់សមត្ថកិច្ច នោះសមត្ថកិច្ច ក៏អាចស្តាប់អ្នកបានដែរ។ ហើយនឹងគ្មានករណី ឡាយ ទាំងកំរោល ឬចាប់ដោយកំរោលនោះទេ។
• ខ្ញុំបានលើកបន្ថែមចំណុចមួយ សូម្បីតែនៅ សហរដ្ឋអាមេរិក ថ្មីៗនេះ គឺជាមេរៀនជាក់ស្តែងអំពី «ប្រជាធិបតេយ្យ + នីតិរដ្ឋ»។ អាមេរិកនិយាយថា៖ ប្រជាធិបតេយ្យ សេរី។ ប៉ុន្តែលើការជាក់ស្តែង អាមេរិក «អនុវត្តច្បាប់»។ សូម្បីតែ បណ្តាញព័ត៌មានផ្ទាល់ខ្លួនរបស់ ប្រធានាធិបតី ដែលមាន Facebook & Twitter ក៏ត្រូវបានបិទចោលដែរ ព្រោះគេបារម្ភថា ភាពអណាធិបតេយ្យ និង ហិង្សា អាចញុះញុងចេញពីបណ្តាញព័ត៌មាននេះ។
សូមជម្រាបថាកាលពីថ្មីៗនេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួន អ្នកសារព័ត៌មាន ពេលនោះតែម្តង។
ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិ ថតបានគ្រប់ទីកន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ បែបនេះក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១នេះ៕SRP

