ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើអំពើហិង្សា ) និងប្រើប្រាស់សារធាតុញៀន។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ នឿន សម្បត្តិ អាយុ ២៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្ន រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ២១ថ្ងៃទី ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយធ្វើសកម្មភាព បានរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ។
ចំណែក ជនរងគ្រោះ ឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត បច្ចុប្បន្ន រស់នៅ ភូមិសង្កាត់ ខាងលើ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប បន្តថាកាលពីវេលាម៉ោង១៥ និង ២០នាទីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈពេល ជនរងគ្រោះ កំពុងនៅក្នុងផ្ទះម្នាក់ឯង ជនសង្ស័យ បានផ្លោះរបង ចូលក្នុងផ្ទះ ហើយធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះ ជាច្រើនដៃ និងចាប់ច្របាច់កបណ្ដាល ឱ្យជនរងគ្រោះ ដួលសន្លប់ ហើយក៏
លួចយកទូរស័ព្ទ រចំនួន ២គ្រឿងម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក vivo ពណ៌ខៀវ ០១គ្រឿង និងប្រាក់ខ្មែរ៨មុឺនរៀល។
ជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន។
ករណីនេះដកហូតវត្ថុតាង៖ ទូរស័ព្ទ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ដែលជារបស់ ជនរងគ្រោះ និងកង់១ ដែលជារបស់ជនសង្ស័យ ជិះទៅធ្វើសកម្មភាព។
សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ សហការ ជាមួយ ក្រុងនិងប៉ុស្តិ៍ ដឹកនាំដោយវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប៕SRP


