ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានផ្តោតសំខាន់ ចំពោះ បញ្ហាបទល្មើសព្រៃឈើ និង ជលផល ដែលជាគោលដៅដ៏ក្តៅគគុក នៅក្នុងសង្គមជាតិ ដែលបានធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ទាំងលើគោក និងទឹក ដែលបង្កឲ្យវិនាសមហន្តរាយ ដល់សង្គមជាតិ។
ពាក់ព័ន្ធករណីនេះ លោកបានឲ្យមន្ត្រីជំនាញ គឺត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ឲ្យមានច្បាប់ ត្រឹមត្រូវ ព្រមទាំងបង្រ្កាប ឲ្យបាននូវភាព អាណាធិបតេយ្យ ការកាប់ឈើ យកមកធ្វើធ្យូង ដែលជាអាជីវកម្ម មួយបំផ្លាញព្រៃឈើ ដែលគិតស្មាន មិនដល់របស់ ប្រជាពលរដ្ឋ និង បានបំពុលដល់បរិស្ថាន ដោយការរីកដុសដាល នៃឡដុតធ្យូងនៅតាមបណ្តាស្រុក មួយចំនួនផងដែរ។
លោកក៏បានជំរុញឲ្យ ចំពោះការពង្រីកនូវ វ៉ារីវប្បកម្មចិញ្ចឹមត្រី នៅតាមមូលដ្ឋាន ក្នុងការទប់ទល់ រាល់ការចាប់ត្រី ពីធម្មជាតិ ដើមី្បធ្វើការអភិរក្សពូជត្រី នៅបឹងធម្មជាតិ។ ម៉្យាងទៀតបង្កើនការបង្រ្កាប នូវបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ និង ការកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើងផងដែរ។
លោកក៏បានដាក់ នូវវិធានការមួយចំនួន ចំពោះមន្ត្រីអសកម្មការងារ និង ជំរុញការអនុវត្តវិធានការរដ្ឋបាល ទាំងនោះ ព្រមទាំងធ្វើការពង្រឹងឡើងវិញ នូវវិន័យការងារ របស់មន្ត្រី។
លោកបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះម្សិលមិញ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ក្នុងពេលដឹកនាំប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើពីបញ្ហាមួយចំនួន ដោយផ្តោតទៅលើបញ្ហាភ្លើងឆេះព្រៃឈើគ្រញូង និងការកាប់ទន្ទ្រានយកដីព្រៃ បទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ ព្រមទាំងកង្វះខាតទឹកស្រោចស្រពដំណាំកសិកម្ម ជាដើម។
លោក ង៉ាន់ ភិរុណ ក្នុងនាមតំណាង លោក ទៀ សីហា អភិបាលខេត្ត បានធ្វើការ កោតសរសើរ អំពីលទ្ធផល ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានអនុវត្ត ក្នុងឆ្នាំ២០២០ កន្លងមកនេះ បានធ្វើឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែមានការវិវត្តន៍ឈានឡើង ក្នុងការបណ្តុះបណ្តាល លើវិស័យ ជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្ម ចិញ្ចឹមសត្វផងដែរ៕SRP





