ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានថ្លៃងថា ប្រឡាយទឹកផ្លូវ សម្ដេចវិបុលបញ្ញាសុខ អាន ឬហៅថា ផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អ ឲ្យទៅជាសួនកម្សាន្ត ដោយមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយលំហែរផងដែរ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រឡាយទឹកនេះ មានទំហំទទឹងប្រវែង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានប្រវែងជាង១៨០០ម៉ែត្រ អមសងខាងផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ដោយកែលម្អ
ដំណាក់កាលទី១ ចាប់ផ្ដើមពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូល នាងអប្សរាអង្គរឃ្យុងយូរ។
លោកហង់ ពៅ បន្តថា អាជ្ញាធរនឹងរៀបចំកែលម្អប្រឡាយទឹក អមសងខាងផ្លូវ៦០ម៉ែត្រនេះ ឲ្យទៅរបៀបជាកន្លែងសួនកំសាន្ដ ដែលមានផ្លូវថ្មើរជើង មានកន្លែងអង្គុយកំសាន្ដ មានផ្លូវកង់ មានទឹកនៅក្នុងប្រឡាយ ខួបប្រាំងខួបវស្សា អមទៅដោយទេសភាពពណ៌ បៃតងស្រស់ត្រកាល ដែលអ្នករស់នៅអមសងខាងផ្លូវនេះ នឹងមានការពេញចិត្ដ ព្រមទាំងទទួលបាន ភាពរីករាយមុនគេនៅក្នុងទីក្រុងសៀមរាប ។
អគ្គនាយកបានបញ្ជាក់ថា កិច្ចការនេះ បានចាប់ធ្វើវា ចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល១៨ខែ នឹងធ្វើហើយរួចរាល់ ក្រោយពេលដែល ក្រុងសៀមរាប ទទួលបានផ្លូវរួចរាល់ចំនួន៣៨ខ្សែផងដែរ។ គម្រោងកែលម្អ ប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះ នឹងធ្វើឡើងតាមដំណាក់កាល បន្ដទៀត រួមមានប្រឡាយទឹក ចាប់ពីចំណុច រង្វង់មូល នាងអប្សរា ឆ្ពោះទៅកាន់ ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចដដែល ឆ្ពោះទៅកាន់ចំណុចឆែកសំបុត្រ ផ្លូវទៅទស្សនាប្រាសាទអង្គរ និងទៅកាន់ប្រាសាទស្រះស្រង់ ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី នឹងពីចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរាផងដែរ៕SRP















