ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៨:៣៩ ព្រឹក

សម្ដេចស ខេង ចង់ឱ្យអត្រា អ្នកស្លាប់ប្រចាំថ្ងៃ ដោយគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ តិចជាងអត្រា៤.៥នាក់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្ដេចស ខេង បានមានប្រសាសន៍ថា សម្ដេច ចង់ឱ្យ អត្រាអ្នកស្លាប់ប្រចាំថ្ងៃ មានការថយចុះតិចជាងអត្រា៤.៥នាក់ ប៉ុន្តែកិច្ចការនេះអាចមានការលំបាក។ យ៉ាងណាក៏ដោយ សម្ដេច បានដាក់ក្ដីរំពឹងថានៅឆ្នាំ២០២១នេះ គ្រប់ភាគីនឹងរួមគ្នាកាត់បន្ថយអត្រាអ្នកស្លាប់ប្រចាំថ្ងៃមកត្រឹម៤នាក់។ សម្ដេច បានហៅលទ្ធផលនៃការថយចុះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថាជាមោទនភាពមួយ ដ្បិតផែនការឆ្នាំ២០២០បានផ្ដល់លទ្ធផលគួរឱ្យកត់សំគាល់។

សម្ដេចបានរំលឹកថា ដោយសារឆ្នាំ២០១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងខ្លាំង ទើបនៅឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ផែនការ រឹតបន្តឹងការអនុវត្តច្បាប់ ហើយការងារនេះ ក៏ទទួលការរិះគន់ ពីមជ្ឈដ្ឋានខ្លះថារាជរដ្ឋាភិបាល ដាក់បន្ទុក លើប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារវិបត្តិការកូវីដ-១៩ រហូតទីបំផុតលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ បានធ្វើឱ្យមជ្ឈដ្ឋាន រិះគន់យល់ជ្រួតជ្រាប ពីសេចក្ដីប្រាថ្នា របស់រាជរដ្ឋាភិបាល។

សម្ដេចបានអំពាវនាវ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានទាំងអស់គ្នា ដើម្បីសេចក្ដីសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ និងបានដាក់ចេញអនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តខិតខំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យពាក់ព័ន្ធនឹងការផាកពិន័យឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ខណៈរាជរដ្ឋាភិបាល ក៏នៅតែបន្តដាក់ បញ្ហាចរាចរណ៍ និងសណ្ដាប់ធ្នាប់ ទៅក្នុងគោលនយោបាយ ភូមិឃុំ.សង្កាត់មានសុវត្ថិភាព។

សម្ដេចបានគូសបញ្ជាក់ទៅកាន់អភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់លើការងារ រំលោភចិញ្ចើមថ្នល់ ឱ្យបានត្រឹមត្រូវបំផុត។ សម្ដេចបានទាញយកការស្ថាបនាផ្លូវជាតិលេខ៥ ដែលកន្លែងខ្លះត្រូវធ្វើវៀងផ្លូវចាស់ ដោយសារតែអាជ្ញាធរបណ្ដែតបណ្ដោយឱ្យពលរដ្ឋសង់សំណង់លើចិញ្ចើមថ្នល់ ធ្វើមានភាពស្មុគស្មាញក្នុងការដោះស្រាយ នៅពេលចាប់ផ្ដើមអនុវត្តគម្រោង។ សម្ដេច បានសង្កត់ធ្ងន់ថាការអនុវត្តវិធានការទប់ស្កាត់ការ រំលោភចិញ្ចើមថ្នល់មិនមែនជាការ រំលោភសិទ្ធិសេរីភាព ប្រជាពលរដ្ឋនោះទេ។

សម្ដេច ក៏បានស្នើសមាជិកសមាជិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក តាមក្រសួងស្ថាប័ន សូមចាប់អារម្មណ៍លើការងារផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ដល់មន្រ្តីក្រោមឱវាទ និងបានប្រកាសដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តទៀត ដូចជាការរៀបចំប្រព័ន្ធដឹកជញ្ជូនផ្លូវគោក, បង្កើនការត្រួតពិនិត្យយានយន្តដឹកលើសទំងន់, កែលម្អរតំបន់គ្រោះថ្នាក់ញឹកញាប់ ឬជើងកប, ពង្រីកផ្លូវនៅតំបន់ទីប្រជុំជន ដាក់ស្លាកសញ្ញា និងចំណាំងផ្លាតជាដើម។

ពាក់ព័ន្ធនឹងគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាព សម្ដេចក្រឡាហោម បានណែនាំឱ្យថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត ក្រុងស្រុកខណ្ឌ ឃុំ.សង្កាត់ យកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដ្បិតលក្ខណៈសម្បត្តិទាំង៧ ដែលបានដាក់ចេញនេះ គឺជាយន្តការដែលក្ដោបលើកិច្ចការអាទិភាព ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការងារផ្ដល់សេវាសាធារណៈ ការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការងារអនាម័យបរិស្ថាន បន្ថែមើលការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្នុងពេលអញ្ជើញជាអធិបតី ពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

បើតាមលោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថភាពចរាចរណ៍ផ្លូវគោក បានធ្វើរបាយការណ៍ ថានៅក្នុងឆ្នាំ២០២០ ក្រុមប្រតិបត្តិការអនុវត្តច្បាប់ បានត្រួតពិនិត្យយានយន្តជាង១លាន៧សែនគ្រឿង ក្នុងនោះមានម៉ូតូ៦៥ភាគរយ និងបានរកឃើញយានយន្តល្មើសជាង៣៥ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូ៦៧ភាគរយ។

ដោយឡែកចាប់ផ្ដើមពីការអនុវត្តអនុក្រឹត្យថ្មី ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់តាមរយៈការតម្លើងប្រាក់ផាកពិន័យ ក៏បានរកឃើញយានយន្តល្មើសជាង២០ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង១៨ម៉ឺនគ្រឿង និងរថយន្តជាង៥ពាន់គ្រឿង។ នៅក្នុងឆ្នាំ២០២០នោះដែរ សមត្ថកិច្ចបានអនុវត្តការផាកពិន័យចំពោះអ្នកបញ្ជាយានយន្តល្មើសច្បាប់ចរាចរណ៍ ទទួលបានទឹកប្រាក់ជាង២៥ប៊ីលានរៀល។

ក្រៅពីនេះ លោកជំទាវក៏បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធី អំពីការត្រួតពិនិត្យយានយន្តដឹកលើសទំនង់ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស អ្នកបើកបរស្រវឹង អ្នកបើកបរគ្មានបណ្ណបើកបរ ការធ្វើតេស្តរកសារធាតុញៀនលើអ្នកបរ ការងារអនុវត្តច្បាប់មួយចំនួនទៀត និងកិច្ចការសំខាន់ៗជាច្រើនទៀត ក្នុងការធានាពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

ពាក់ព័ន្ធនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២០មានគ្រោះថ្នាក់កើតឡើង៣១៧៩លើក បណ្ដាលឱ្យស្លាប់១៦៤៦នាក់ របួស៤៦៨៦នាក់ ក្នុងនោះធ្ងន់២៩០៨នាក់ និងអ្នកស្លាប់ភាគច្រើនៅភ្នំពេញ កណ្ដាល និងកំពង់ធំ។
លោកជំទាវបន្តថា មូលហេតុនៃគ្រោះថ្នាក់ គឺការបើកបរល្មើសល្បឿនជាង៣៣ភាគរយ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង និងកត្តាមួយចំនួនទៀត។

របាយការណ៍ក៏បានឱ្យដឹងដែរថា ចំនួនគ្រោះថ្នាក់ឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ បានថយចុះ៩៤២លើក ស្មើនឹង២៣ភាគរយ ចំនួនអ្នកស្លាប់បានថយចុះ៣៣៥នាក់ អ្នករងរបួសថយចុះជាង១ពាន់នាក់ហើយក្នុងចំណោមជនរងគ្រោះដែលជិះម៉ូតូជួបគ្រោះថ្នាក់ជាង៤ពាន់នាក់ មានជាង៣ពាន់នាក់ហើយដែលមិនពាក់មួកសុវត្ថភាព ជាពិសេសគឺនៅពេលយប់ ខណៈគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកម្មករមាន១៥លើក។

នៅក្នុងឱកាសនោះដែរ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថភាពចរាចរណ៍ បានថ្លែងចំណាប់អារម្មណ៍ជូនសម្ដេច ព្រមទាំងអង្គពិធី អំពីការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ និងបានថ្លែងអំណរគុណមន្រ្តីមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋដែលបានបង្កើនការគោរពច្បាប់ចរាចរណ៍ និងខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

លោកក៏បានមានប្រសាសន៍អំពីការបំពាក់សម្ភារពាក់ព័ន្ធនឹងចរាចរណ៍, ការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍,ការចុះប្រតិបត្តិការចល័តឆ្មក់ត្រួតពិនិត្យដោយមិនបានជូនដំណឹងជាមុន, ដំណើរការទទួលការរាយការណ៍ពីប្រជាពលរដ្ឋដើម្បីជួសជុលផ្លូវសំបុកមាន់, ការទិញចំណាំងផ្លាតចែកជូនពលរដ្ឋបិទគោយន្ត ត្រាក់ទ័រ និងម៉ូតូចាស់ៗ, ការអនុវត្តផែនការការងារប្រចាំឆ្នាំ ដែលកិច្ចការខ្លះក៏មិនអាចអនុវត្តបានតាមទិសដៅដោយសារជំងឺកូវីដ-១៩ និងកត្តាមួយចំនួនទៀត។

រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការបង្កើតទីលានរៀនបើកបររថយន្តធុនធ្ងន់, ដំណើរការថតស្ពត និងភាពយន្តអប់រំ, ការរៀបចំផ្លាកសញ្ញាចរាចរណ៍, ការបំពាក់ជញ្ជីងស្វ័យប្រវត្ត និងម៉ាស៊ីនត្រួតពិនិត្យល្បឿនស្វ័យប្រវត្តនៅទីតាំងចំនួន២,ការពិនិត្យលទ្ធភាពដកពិន្ទុអ្នកបើកបរល្មើសច្បាប់ដើម្បីឈានទៅដកហូតសិទ្ធិបើកបរ, ការដំណើរការប្រព័ន្ធអេបថែរទាំផ្លូវថ្នល់ និងការដាក់ទិសដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕SRP

Read Previous

បុរសម្នាក់បើកម៉ូតូ ហួសផ្លូវកែង ជ្រុលទៅបុកថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅភូមិគោកចាន់ ខេត្តសៀមរាប

Read Next

ផ្ទះពលរដ្ឋ៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន នៅក្រុងសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញ