ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអះអាងថា មន្ត្រីជំនាញរបស់លោក បានកំណត់មុខសញ្ញា លួចដុតចំការព្រៃពូជឈើធ្នង់ បានខ្លះហើយ ដោយពេលនេះ កំពុងប្រមូលភស្តុតាង បន្ថែមដើម្បីដាក់បន្ទុក។
លោកម៉ុង ប៊ុនលីម បានប្រាប់អ្នកសារព័ត៌មានថា មុខសញ្ញា ដែលលួចដុតចំការព្រៃពូជឈើធ្នង់អស់ប្រហែល២០ហិកតា កាលពីរសៀលថ្ងៃទី៣ខែកុម្ភ: គឺជាមនុស្សចំនួន៣គ្រួសារ ដែលស្ថិតនៅក្បែរភូមិសាស្ត្រ កើតហេតុ។ ប៉ុន្តែយើងមិនទាន់ធ្វើការចោទ ប្រកាន់ទេ ដោយពេលនេះកំពុងប្រមូលភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុក។
លោកបញ្ជាក់ថា ជនដែលប្រព្រឹត្ត អាចផ្តើមចេញដោយគំនិត២យ៉ាង ទី១ដុតព្រែដើម្បីចាប់សត្វ ដូចជា ឃ្មុំ.ពស់.និងអណ្តើក។ល។ ចំណែកឯទី២ គឺដុតព្រៃ ដើម្បីរានយកដី មកកាន់កាប់ធ្វើជាកម្មសិទ្ធិ។ ប៉ុន្តែជនទាំងនេះ យើងនឹងចាត់វិធានការផ្លូវច្បាប់ ក្រោយប្រមូលភស្តុតាងគ្រប់គ្រាន់។
សូមរំលឹកថាចំការពូជឈើធ្នង់ ដែលមានទីតាំងស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយ លើ ឆេះអស់ទំហំប្រហែល២០ហិកតា ដោយសារជនខិលខូចលួចដុតកាលពីរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១។
ក្រោយមានការឆេះបែបនេះ គណ:បញ្ជាការឯកភាពស្រុកស្វាយលើ សហការ ជាមួយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើ ផ្នែករដ្ឋបាលព្រៃឈើជីក្រែង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំលាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ កំលាំងប្រជាការពារ ភូមិអង្កាញ់ ចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ប្រើទឹកអស់៣រថយន្ត បាញ់ពន្លត់ ដោយគ្រប់គ្រងការឆេះរាលដាលបានមកវិញ នៅវេលាម៉ោង៧និង៣០នាទីយប់នាថ្ងៃដដែល។
បើតាម លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ
បញ្ជាក់បន្ថែមថា ក្នុងការអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃចំការពូជឈើធ្នង់នេះ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ចុះល្បាតក្នុងចំការព្រៃពូជ ដកហូតរណាយន្តបានចំនួន២គ្រឿងធំ១គ្រឿងតូច១គ្រឿង និងកាំភ្លើខ្យល់១ដើម ដែលជនខិលខូចលាក់ទុកក្នុងព្រៃ សម្រាប់ធ្វើសកម្មភាព បំផ្លាញព្រៃនិងសត្វផងដែរ៕SRP

