ខេត្តសៀមរាប៖មានការបាញ់១គ្រាប់នៅក្នុងហាងមួយកន្លែង សង្ស័យផ្តើមចេញពីភាពស្រវឹង ហើយបង្កជាជម្លោះ ក្នុងតុផឹកស៊ី ផ្អើលក្រុងសៀមរាប។ ទោះយ៉ាងណាអ្នករងរបួសដេរ៧ថ្នេរ គឺជាអ្នកដែលបំផ្ទុះអាវុធទៅវិញ។
យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្តសៀមរាប បានបង្ហាញថា បទល្មើសព្រហ្មទណ្ឌនេះ គឺជាហិង្សាដោយចេតនា។
របាយការណ៍បន្តថា ករណីខាងលើបង្កឡើងដោយឈ្មោះ តាំង ហូ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ANN មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងខណៈកំពុងស៊ីផឹក បានធ្វើសកម្មភាព ដោយយកកែវស្រាគប់ ត្រូវក្បាល របស់ឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថខេត្ត មានទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យត្រូវថ្ងាសលើចិញ្ចើមផ្នែកខាងឆ្វេងរយះហូរឈាមពេញមុខ ដេរចំនួន ០៧ថ្នេរ និងមានស្នាមនៅលើក្បាល (របួសមុតអំបែងកែវ)។ ក្រោយពីធ្វើសកម្មភាព គប់ទៅលើ ឈ្មោះ អ៊ុក សុផល ឲ្យរបួសហើយ ជនបង្កឈ្មោះ តាំង ហូ បានរត់គេចខ្លួន ចេញទៅខាងក្រៅហាងបាត់។
ដោយឈ្មោះ អ៊ុក សុផល ដឹងថាខ្លួនមានរបួសហូរឈាមពេញមុខ និងដងខ្លួនក៏បានដើរចេញពីកញ្ចុះដែលខ្លួននិងជនបង្កអង្គុយផឹកស៊ី សំដៅមករថយន្តរបស់ខ្លួន ហើយ បានទាញយកកាំភ្លើងខ្លី ពីក្នុងរថយន្តដើរចេញ ហើយបានបាញ់ឡើងលើចំនួន ០១គ្រាប់ (អាវុធខ្លីដែលឈ្មោះ អ៊ុក សុផល បានប្រើបាញ់គឺម៉ាកK54)។ បន្ទាប់មក បុគ្គលិក និងសន្តិសុខក្នុងហាងខាងលើបាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួសនៅគ្លីនិកសុខភាព នៅបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍បង្ហាញទៀតថា នៅពេល បន្ទាប់ឈ្មោះ តាំង ហូរ បានចូលមកក្នុងហាងខាងលើម្តងទៀត ហើយបានស្រែកជេរឡូឡា ពេលនោះសមត្ថកិច្ចនគរបាល ក៏បាននាំឈ្មោះ តាំង ហូរ ទៅកាន់ប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្លក្រាម ដើម្បីសាកសួរ។
មូលហេតុ ដែលបណ្តាលឲ្យមានករណី ហិង្សាបែបនេះ កើតឡើង គឺបណ្តាលមកពីផឹកស៊ីជាមួយគ្នា ក៏មានទំនាស់ពាក្យសំដីគ្នា។
នៅព្រឹកថ្ងៃទី៥ខែកុម្ភ: ឆ្នាំ២០២១នេះ លោកតាំង ហូ ភ្នាក់ងារបណ្តាញព័ត៌មានANN បានថ្លែងប្រាប់តាមទូរស័ព្ទថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន។ ដំបូងរូបគេ
និងមិត្តភក្ត័ ៣ទៅ៤នាក់ ផឹកស៊ីក្នុងហាងខាងលើ រួមទាំងមន្ត្រីប៉េអឹមដែលផ្ទុះអាវុធផង។លុះពេលស្រវឹង មន្ត្រីប៉េអឹមឈ្មោះ ផល បាននិយាយផ្លែផ្កាថា ពួកអ្នកកាសែតដើរតែសុំលុយគេ។ ខណ:នោះរូបគេ តាំង ហូ ក៏បានតបទៅវិញថា៖ កុំដៀលអ្នកកាសែតទាំងអស់ ហើយក៏ផ្ទុះជម្លោះតែម្តង។ លោកតាំង ហូ បន្តថា ក្នុងពេលផ្ទុះជម្លោះ ក៏ផ្ទុះហិង្សា ប្រតាយប្រតប់គ្នា ដោយឈ្មោះផល ដកកាំភ្លើងបាញ់ ទើបរូបគេ តាំង ហូ រត់ចេញក្រៅហាង គេចខ្លួនតែម្តង។ ចំពោះថា រូបគេ យកកែវស្រា គប់ក្បាលឈ្មោះផលនោះ គឺមិនបានដឹងឡើយ។ ប៉ុន្តែរូបគេ ក៏បានទៅដាក់ពាក្យ បណ្តឹង នៅខាងប៉ូលិសទាំងយប់ផងដែរ។
ជុំវិញករណីផឹកស៊ី បង្កជម្លោះ រហូតមានការផ្ទុះ អាវុធ ហើយមានអ្នករងរបួសនេះ លោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សៀមរាប ពុំអាចសុំការពន្យល់បានទេ ដោយទូរសព្ទ័ហៅចូល តែមិនមានការឆ្លើយតប។
របាយការណ៍ដដែល បញ្ជាក់ចុងក្រោយថា ករណីហិង្សាដោយចេតនានេះ កម្លាំងការិយាជំនាញកំពុងសាកសួរ សាក្សី និងជនរងគ្រោះ ដើម្បីអនុវត្តតាមនីតិវិធី។
ទោះបីយ៉ាងណា មហាជន រងចាំមើលថា រឿងរាវមួយនេះ តើភាគីមួយណា ទទួលបានភាពយុត្តិធម៌។
សូមជម្រាបថា ហេតុការណ៍ បានកើតឡើនៅម៉ោង៩និង១០នាទីយប់ ថ្ងៃទី៤ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចហាងផឹកស៊ី យីហោ មហាលាភ៩៩៩៩ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប៕SRP










