ខេត្តត្បូងឃ្មុំ ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការ ដើម្បីបង្កើនការប្រុងប្រយ័ត្ន កម្រិតខ្ពស់ ក្នុងគោលដៅបង្ការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខណៈប្រទេសវៀតណាម កំពុងបន្តឆ្លងរាលដាល។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថាគោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីវិធានការបង្ការ និងទប់ស្កាតការឆ្លងរាលដាល នៃជម្ងឺកូវីត ១៩ នៅក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដល់មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក រដ្ឋបាលឃុំ សង្កាត់ ដើម្បីក្តាប់សភាពការណ៍ពង្រឹងបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩ នៅតាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមមូលដ្ឋាន និងពង្រឹងបង្ការរាល់បាតុភាព បង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឲ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ទាំងមូល។
អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រួមសហការគ្នា ថែរក្សាសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ជាមួយគ្នា នោះ កងកំលាំងមានសមត្ថកិច្ច ទាំងអស់ ដែលស្ថិតក្រោមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឲ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា ដែលបង្កអសន្តិសុខទូទាំងខេត្តទាំងអស់ ឲ្យមានប្រសិទ្ធភាព៕SRP


