ខេត្តសៀមរាប៖អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការ នៅការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់ គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧%
នៅក្នុងនោះ ការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។ ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការ របស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ។
អ្នកជំនាញចិន បានបន្តថា ការដ្ឋានសាងសង់ស្ថានីយ៍ អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះ សំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។
ក្នុងនោះដែរក៏ធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន។
សូមជម្រាបថានៅថ្ងៃសៅរិ៍ ទី០៦ ខែកុម្ភៈម្សិលមិញ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ទស្សនកិច្ច ស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណ ជាង៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត ដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI)៕SRP











