ខេត្តកំពង់ចាម៖ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៨៨៤ម៉ែត្រ គិតជាថវិកា សរុបជាង២២៥លានរៀល ដែលជាគម្រោងមូលនិធិ ឃុំឆ្នាំ២០២០ សាងសង់ឡេីង ដោយក្រុមហ៊ុន យ៉េន ស៊ីនួន នាអំឡុងដើមខែតុលា ឆ្នាំ២០២០ នៅភូមិក្រោយវត្ត តភ្ជាប់ទៅភូមិត្រពាំងពោន ស្ថិតក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានគេលាបកៅស៊ូ ពីលេីដេីម្បីធ្វើការបិទបាំងនូវអ្វីមួយ? ប៉ុន្តែទីបំផុត នៅតែលេចចេញ ជាស្នាមប្រេះស្រាំហុយទ្រលោម។
លោកជឹម សំអាត មេភូមិក្រោយវត្ត បានឲ្យដឹងថា គម្រោងផ្លូវបេតុងអាមេ១ខ្សែនេះ ត្រូវបានក្រុមហ៊ុន យ៉េន ស៊ីនួន ទទួលការសាងសង់ក្នុងតម្លៃទឹកប្រាក់សរុប២២៥.៤២០.០០០រៀល ដែលចាប់ផ្ដើមអនុវត្តកាលពីដេីមខែ១០ ឆ្នាំ២០២០ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែប្រេះខូចជាបន្តបន្ទាប់ ឡេីងហុយទ្រលោម ហើយខាងក្រុមហ៊ុន បានយកកៅស៊ូ មកលាបពីលើ ក្នុងគោលបំណងបិទបាំងស្នាមប្រេះស្រាំនោះ ដែលទង្វើរនេះ ប្រជាពលរដ្ឋ មិនអាចទទួលយកបានឡេីយ ហេីយលោកក៏បានសំណូមពរថា បេីបានជាកសាងហើយនោះ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ ប្រេីប្រាស់បានស្រួល និងយូរអង្វែងផង។
លោកមេភូមិបានបញ្ជាក់ថា ក្រោយពីផ្លូវ១ខ្សែនេះទទួលរងការខូចខាត ហើយនោះ ខាងក្រុមហ៊ុន បានចោទប្រកាន់ទៅលើ រថយន្តដឹកដី ប៉ុន្តែផ្លូវបេតុងតភ្ជាប់ជាមួយគ្នានោះ ដែលក្រុមហ៊ុនផ្សេង ទទួលការធ្វើតាមក្រោយ ពុំមានការខូចខាតដូចផ្លូវដែលក្រុមហ៊ុន យ៉េន ស៊ីនួន ធ្វើនោះឡើយ។
ពាក់ព័ន្ធព័ត៌មាននេះ លោក សាន់ សុខខេន មេឃុំគរ បានឲ្យដឹងថា ចំពោះបញ្ហាផ្លូវ ដែលរងការខូចខាតខាងលេីនេះ លោកបានប្រាប់ឲ្យខាងក្រុមហ៊ុន ធ្វើការជួសជុល ឡេីងវិញហើយ ដោយគ្រាន់តែលាបកៅស៊ូពីលេី ឬយ៉ាងណានោះ លោកមិនបានដឹងទេ។
ដោយឡែក លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គម្រោងស្ថាបនា ផ្លូវ១ខ្សែនេះ គឺត្រូវចំណាយថវិការដ្ឋអស់ច្រើនណាស់។ ចំពោះករណីដែលក្រុមហ៊ុនទទួលការធ្វើរបៀបនេះ គឺលោកមិនអាចទទួលយកបានទេ។ លោកនឹងចាត់តាំងមន្ត្រីជំនាញឲ្យចុះធ្វើការសិក្សាស្រាវជ្រាវ។
សូមបញ្ជាក់ថា បន្ទាប់ពីអ្នកសារព័ត៌មាន បានទៅថត ខាងក្រុមហ៊ុន ក៏បានទៅលាបកៅស៊ូ បន្ថែមពីលើ នៅកន្លែង ដែលចន្លោះខ្វះខាតនោះថែមទៀតផងដែរ។ ជុំវិញការលើកឡើងខាងលើនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុន យ៉េន ស៊ីនួន នៅឡើយទេ៕SRP










