ខេត្តសៀមរាប៖ដើមឈើចំនួន៤ដើម ត្រូវដកហូត ពីលើដងផ្លូវ ចាប់ពីខាងកើតប្រាសាទអង្គរវត្ត ដល់ខាងត្បូងប្រាសាទបន្ទាយក្តី។
ការដកហូតនេះ បន្ទាប់ពី មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធ របស់ អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យយ៉ាងល្អិតល្អន់ ស្ថានភាពដើមឈើ ដែលដុះនៅលើដងផ្លូវ ពីខាងកើតប្រាសាទអង្គរវត្ត ដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មានដើមឈើចំនួន២៣ដើមត្រូវមានវិធានការ។
ក្នុងនោះ ដើមឈើចំនួន៤ដើមគួរដកហូតចេញជាបន្ទាន់ រួមមានដើមយាង១ដើម ដកព១ដើម ត្រាច១ដើម និងចំបក់១ដើម ដែលដើមឈើទាំង៤ដើមនេះមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង។ វិធានការនេះដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ ដល់អាយុជីវិតអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។
ចំណែកឯដើមឈើចំនួន១៩ដើមទៀតដែលមានហានិភ័យមធ្យមរួមមាន ដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត។
អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍កិច្ចការខាងលើក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ។ សូមជម្រាបថា ការការចុះដកហូតនេះ ក្រោយការសំណូមពរ ពីអាជ្ញាធរមូលដ្ឋាន
សង្កាត់នគរធំ៕SRP


