ខេត្តបាត់ដំបង៖នគរបាលស្រុកបាណន់ បានឲ្យដឹងថា បុរសម្នាក់ បានស្លាប់ភ្លាមៗ ខណ: ឈរបញ្ជា អេស្កាវ៉ាទ័រ ថយក្រោយ ហើយកិនគាត់ខ្ទេចខ្លួន។
មានហេតុការណ៍ គួរឲ្យសង្វែក នេះបានកើត ឡើង នៅរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចអណ្ដូងដេកា ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់។
លោកវរសេនីយ៍ឯក ប៉ាន់វ៉ានី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វ័ន្ត អាយុ៤៨ ឆ្នាំ រស់នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។មូលហេតុ ជនរងគ្រោះ ឈរបញ្ជាអេស្កាវ៉ាទ័រ នៅលើពំនូកដី ផ្នែកខាងក្រោយ ដោយតៃកុង មើលមិនឃើញ កិនស្លាប់តែម្ដង។
អ្នកបើកអេស្កាវ៉ាទ័រ ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ។ បច្ចុប្បន្នស្នាក់នៅជាមួយ ឈ្មោះ ចៅ វ៉ិត ភេទប្រុស អាយុ៤៣ ឆ្នាំ ដែលជាថៅកែអេស្កាវ៉ាទ័រ នៅភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
សពជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកទៅគេហដ្ឋាន នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ដើម្បីធ្វើបុណ្យ តាមប្រពៃណី។
បើតាមលោកអធិការបញ្ជាក់បន្ថែមថា សមត្ថកិច្ច បានស្រាវជ្រាវចាប់ខ្លូន តៃកុងអេស្កាវ៉ាទ័រ ដោយអនុវត្តតាម ការសម្របសម្រួល របស់លោក គឺ ប៊ុណ្ណារា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង។
ជនសង្ស័យ ត្រូវបាននគរបាល ស្រុកបាណន់ កសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុន ថេត
