ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ព្រឹកមិញបានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ ដែលបានប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ។
យោងតាមសេចក្ដីសម្រេច ក្រសួងមហាផ្ទៃបានកែសម្រួលសមាភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយដោយប្រគល់ភារកិច្ចបន្ថែមជូន លោក បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានលេខាធិការដ្ឋាន អមដោយអនុប្រធាន និងសមាជិក សមាជិកាមួយចំនួនទៀត។ ក្រសួងក៏បានបង្កើតក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយប្រគល់ភារកិច្ចជូនលោកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធានក្រុមជំនួយការ ដោយមានសមាភាពសមាជិកក្រុមជំនួយការលេខាធិការដ្ឋានមួយចំនួនទៀត។
សម្ដេច ស ខេងបានថ្លែងកោតសរសើរដល់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានទាំងអស់ដែលខិតខំបំពេញភារកិច្ចដោះស្រាយបញ្ហាគ្រោះមហន្តរាយផ្សេងៗទាំងកម្រិតផ្ទៃក្នុងក្រសួង និងចូលរួមជាមួយគណៈកម្មាធិការជាតិ។
សម្ដេច បានមានប្រសាសន៍ថា តួនាទីភារកិច្ចរបស់លេខាធិការគ្រោះមហាន្តរាយក្រសួងមហាផ្ទៃមានពីរសំខាន់ ទី១គឺផ្ទៃក្នុងក្រសួង ដែលលេខាធិការដ្ឋានមានតួនាទីភារកិច្ចទទួលជួយជួយសង្គ្រោះមន្រ្តីរាជការស៊ីវិល នគរបាលជាតិ មន្រ្តីពន្ធនាគារ ដែលជួបបញ្ហាគ្រោះមហន្តរាយ និងទី២ គឺចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។
ពាក់ព័ន្ធនឹងសំណើរសម្រួលការិយាល័យ និងថវិកាទ្រទ្រង់របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហាន្តរាយ សម្ដេចក្រឡាហោមបានសន្យាខិតខំសម្រួល ដើម្បីឱ្យក្រុមការងារអាចបំពេញភារកិច្ចបានដោយរលូន។ សម្ដេចមានសេចក្ដីសសង្ឃឹម ជាមួយនឹងការត្រៀមខ្លួនចូលរួមអស់ពីលទ្ធភាព ដើម្បីឱ្យលេខាធិការដ្ឋានដំណើរការបានដោយជោគជ័យ។
សូមបញ្ជាក់ថានៅក្នុងឱកាសនោះដែរ សម្ដេច ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារមួយចំនួនរបស់ក្រសួងមហាផ្ទៃដែរ ដូចការបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, បញ្ហាគ្រឿងញៀន និងការដាក់ចេូគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម៕SRP
