ខេត្តសៀមរាប៖ភាពរឹងមាំនៃជីវិតគ្មាននរណាម្នាក់ និយាយថា ងាយស្រួលនោះទេ ប៉ុន្តែទំហំការលំបាក និង ភាពឈឺចាប់ មានទំហំ ផ្សេងៗគ្នា និយាយរួមគឺមិនដូចគ្នាឡើយ គ្រាន់តែយើងអាចនិយាយបានថា ” មានអ្នកខ្លះយកការលំបាក មក និយាយរៀបរាប់ ស្រណោះខ្លួន រហូតដល់ក្លាយជាជនរងគ្រោះ ក្នុងជីវិត ហើយខ្លះទៀត យកការលំបាកជាឱកាស តស៊ូប្រឹងប្រែង ដើម្បីឲ្យបានសម្រេចអ្វីមួយ “។
ប្រសិនបើយើងវាយមនុស្ស តែសំបកក្រៅ យើងមិនអាច ស្គាល់រស់ជាតិជីវិត ដែលកើតឡើងលើខ្លួនពួកគេបានឡើយ។
ជាទូទៅមនុស្ស ដែលរឹងមាំ ពួកគេមិនដែលចុះចាញ់ ការលំបាក ដែលពួកគេ ប្រឈមមុខនោះទេ។ ពួកគេគិតថាការលំបាក ឬ ឧបសគ្គ តែងតែនាំឲ្យមាន គ្រាប់ពូជនៃកម្លាំង និងឱកាសដើម្បីឆ្លុះបញ្ចាំង សកម្មភាព ដែលបានធ្វើកន្លងមក និងយកពេលវេលា ដើម្បីពង្រឹងសម្មភាពបន្ថែម នោះមានន័យថា ប្រសិនបើអ្នកដួលហើយស្រែកយំស្រណោះខ្លួន ឬសោកស្តាយអ្នកនឹងឋិតនៅកន្លែងនោះ ជារៀងរហូត ប៉ុន្តែ ប្រសិនបើអ្នកដួលហើយ ដាក់កម្លាំងចិត្តងើបឡើងវិញ អ្នកនឹងមិនស្ថិតនៅកន្លែង ដដែលទៀតទេ ពីព្រោះអ្នកបានដឹងពីមូលហេតុដែល ធ្វើអោយ អ្នកដួល។
ជាទូទៅ អ្នកដែលបោះបង់ ដោយចាប់យកនេះបន្ទិច ដោយចាប់យកនោះបន្ទិច មិនដែលទទួលបានជោគជ័យទេ ហើយអ្នកដែលជោគជ័យមិនដែលបោះបង់ឡើយ។
តាមច្បាប់ធម្មជាតិ អ្វីៗទាំងអស់ លើភពភពផែនដីនេះ គ្មានទេសេក្តីសុខ ឬ ក៏សុវត្ថិភាពជីវិតដូចដែលពួកគេចង់បាន នោះ ពីព្រោះ ទាំងអស់នោះ តម្រូវអោយមាន ការហាត់ពត់លត់ដំខ្លួនឲ្យរឹងមាំ ហ៊ានបត់បែនសម្របខ្លួនតាមកាល:ទេស: និងហ៊ានប្រឈមគ្រប់បញ្ហាដែលកើតឡើងតាមដងផ្លូវ ដែលពួកគេត្រូវដើរ ពួកគេតែងតែសរសើរ ដោយស្មោះត្រង់នូវទំវើល្អរបស់អ្នកដទៃ និងមនុស្សជុំវិញខ្លួន ពីព្រោះ ពួកគេយល់ថា នៅក្នុងសង្គម សេចក្ដីសុខនិងសន្តិភាពមិនអាច កើតឡើងតែម្នាក់ឯងបានឡើយ។
យ៉ាងណាមិញ នៅក្នុងស្ថាប័ន ការងារ ឬផ្នែកជំនួញមេដឹកនាំល្អៗ តែងតែឲ្យឱកាសមនុស្សរបស់ខ្លួន ហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ និង ហ៊ានប្រឈមជាមួយបញ្ហានៅក្នុង កម្រិតថ្នាក់របស់ខ្លួន ដើម្បីឲ្យពួកគេរឹងមាំ។ វាដូចគ្នាទៅនឹងឪពុកម្តាយ ឬ អាណាព្យាបាលតែងតែផ្តល់ឱកាសឲ្យកូនៗ រៀនសម្រេចចិត្ត ឲ្យបានច្រើន នូវអ្វីដែលពួកគេចូលចិត្ត អ្វីដែលពួកគេស្រលាញ់ និងអ្វីដែលពួកគេគិត ទាំងអស់នោះវាជាអាកាសសម្រាប់ ពួកគេ កសាងភាពរឹងមាំ។
សូមចងចាំថា ដើមឈើរឹងមាំ មិនដួលរលំជាមូយខ្សល់ព្យុះ ពីព្រោះវាដុះលើផ្ទាំងថ្ម ដែលបង្កភាពលំបាក ដល់ឫសទាំងឡាយ ក្នុងការរុករកចិញ្ជឹមនិងទប់លំនឹងរបស់ដើម។
យ៉ាងណាមិញ យើងអាចយល់បាន ថា អ្នកដែលខ្សោយ តែងតែនិយាយរិះគន់ប្រៀបធៀប និង ងាយវាយតម្លៃអ្នកដទៃ ហើយបន្តការរិះគន់ខ្លួនឯងជារឿយៗ នៅពេលខ្លះមានអារម្មណ៍ឯកាតែឯង រហូតឈានដល់ធ្វើអត្តឃាតលើខ្លួនឯង។ ទាំងអស់នោះមកពីការគិត ងាយៗ និងចង់បានអ្វីដែលងាយ ជំនួសឲ្យការរៀបចំខ្លួនឲ្យរឹងមាំដើម្បីទទួលបានផលរឹងមាំ សម្រាប់ជីវិតរបស់ខ្លួន។
នៅចុងបញ្ចប់ ខ្ញុំសូមក្រើនរំឭក ឲ្យលោកអ្នកពិចារណាថា បញ្ហាវានឹងមិនជាបញ្ហា ដូចដែលអ្នកគិតនោះទេ នៅពេលដែលអ្នកងើបឡើងប្រឈមជាមួយវា ពេលវេលាតែងតែជួយអ្នកឲ្យមើលឃើញផ្លូវទៅមុខជានិច្ច អ្វីដែលនៅសល់ជាប់ខ្លួនរបស់អ្នក គឺភាពរឹងមាំ ភាពសប្បាយរីករាយ និង ក្តីស្រលាញ់..។ ប្រសិនបើអ្នកដួលប្រាំពីរដង សូមឲ្យអ្នកងើបឈរឲ្យបានប្រាំបីដង..គ្មានអ្វីដែលអ្នកត្រូវយំ ឬ ស្តាយក្រោយឡើយ..អ្នកត្រូវតែងើបពីព្រោះពេលវេលានៃជីវិតតែងតែទៅមុខជានិច្ច។
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.
