ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី នឹងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថាក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ បាន១ថ្ងៃ សុខភាពខ្ញុំ ពេលនេះល្អធម្មតា គ្មានសញ្ញាអ្វីមករំខានទេ។
តាមទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកដួង តារា បានសរសេរដា «តើមានប្រតិកម្មអ្វី បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ បាន១ថ្ងៃរួចហើយ?»
លោកបានសរសេរបន្តថា៖ថ្ងៃទី ១១ កុម្ភះ នេះគឺបាន១ថ្ងៃហើយ បន្ទាប់ពីខ្ញុំបានចាក់ថ្នាំការពារកូវីដ-១៩ កាលពីម្សិលមិញ។ សុខភាពខ្ញុំពេលនេះល្អធម្មតា គ្មានសញ្ញាអ្វីមករំខានទេ ក្រៅពីសញ្ញាបញ្ជាក់ក្នុងខ្លួនថា សរីរាង្គរបស់ខ្ញុំត្រូវបានការពារដោយថ្នាំការពារកូវីដ-១៩ រួចហើយ។ ខ្ញុំកាន់តែមានអារម្មណ៍កក់ក្តៅក្នុងខ្លួន។ ក្រោយពីចាក់ថ្នាំហេីយ យេីងទទួលបានកាត (ID card) ចាក់ថ្នាំកូវីដ១៩ ដែលមានសារៈប្រយោជន៍ដ៏សំខាន់សម្រួលដល់ការធ្វើដំណើរទៅក្រៅប្រទេសក្នុងករណីចាំបាច់ណាមួយ។
ដើម្បីសុវត្ថិភាពសុខភាព យើងត្រូវចាក់ថ្នាំការពារជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។ ដោយសារពេលនេះចំនួនថ្នាំមានកំណត់ សូមបងប្អូនរងចាំទៅតាមដំណាក់កាលនីមួយៗ។ សូមទាក់ទងក្រសួងសុខាភិបាលដើម្បីបានទទួលព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំងកូវីដ-១៩។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។«ជូនពរថ្ងៃចូលឆ្នាំចិន ២០២១»
សូមជម្រាថានៅថ្ងៃទី១០ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញ កូនប្រុសរបស់ សម្ដេច ហ៊ុន សែន និងកូនប្រសារ រួមទាំងអភិបាលខេត្តរាជធានី និងមន្ត្រីកងកម្លាំងសមត្ថកិច្ច មួយចំនួនទៀត បានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ជំនួយរដ្ឋាភិបាលចិន នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕SRP


