ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ដោយសារតែការរាត្បាត នៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋ មានការរងផល ប៉ះពាល់ជាច្រើន ក្នុងនោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង។ ហេតុនេះ រដ្ឋបាលស្រុកបន្ទាយស្រី បានសហការ ជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋ បានរួមគ្នាធ្វើស្រែសង្គម ដើម្បីយកអង្ករ មកជួយដល់ប្រជាពលរដ្ឋ ក្រីក្រ នៅក្នុងតំបន់នេះ ដែលនេះ គឺជាសកម្មភាពមួយ ជាគំរូមួយដ៏ល្អ និងជួយប្រជាពលរដ្ឋ បានទាន់ពេលវេលានៅពេលដែលពួកគាត់មានតម្រូវការខ្លាំង។
លោកថ្លែងយ៉ាងដូច្នោះនៅក្នុងពិធីចែកអង្ករ ដែលបានមកពីធ្វើស្រែ សង្គម របស់រដ្ឋបាល ស្រុកបន្ទាយស្រី ជូនដល់ ប្រជាពលរដ្ឋ ក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នាថ្ងៃទី១៧ខែកុម្ភៈ ព្រឹកមិញនេះ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា អង្ករ ដែលបានធ្វើការចែក ជូនប្រជាពលរដ្ឋក្រីក្រ នៅពេលនេះ គឺបានមកពីការបង្កបង្កើនផល ស្រូវលើផ្ទៃដីសែ្រទំហំ៤០ហិកតា ដែលរដ្ឋបាលស្រុក បានជួលពីបងប្អូន ប្រជាពលរដ្ឋ ក្នុងឃុំព្រះដាក់ ហើយហៅថាស្រែសង្គម ខណៈដែលការជួលដីស្រែ ពីបងប្អូនប្រជាពលរដ្ឋនេះ គឺរដ្ឋបាលស្រុក បានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារពី ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដី ដែលបងប្អូន ប្រជាពលរដ្ឋមាន។
បើតាមលោក ឃឹម ហ្វីណង់ ក្រោយពីបង្កបង្កើនស្រូវ ក្នុងរដូវវស្សា រដ្ឋបាលស្រុក បានប្រមូលផលលើផ្ទៃដី៤០ហិកតានេះ បានស្រូវចំនួន៨០តោន រួចយកមកកិនជាអង្ករ បានចំនួន៤៣តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ១ ក្រ២ និងប្រជាការពារ សរុបទាំងអស់ក្នុងទូទាំង ស្រុកបន្ទាយស្រី មានចំនួន២.៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន២០គីឡូក្រាម៕SRP


