ខេត្តសៀមរាប៖បើទោះបី មានការរឹតបន្តឹងពីអាជ្ញាធរសមត្ថកិច្ច ដើម្បីទប់ស្កាត់ បទល្មើសនានាក្នុងក្រុងសៀមរាប ក្នុងការបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋាននៅតែសង្កេតឃើញថា អំពើចោរកម្មហាក់កើតមានឡើងជាបន្តបន្ទាប់ នៅក្រុងសៀមរាប។
ជាក់ស្ដែងរយ:ពេលតែមួយយប់ នៅក្រុងសៀមរាប មានករណី បំបែកគ្រាប់សោរសូឡិចលួចយកម៉ូតូអស់២គ្រឿងម៉ាកហុងដាគេចខ្លួនបានដោយសុវត្ថិភាព។
យោងតាមប្រភពដែលបង្ហោះ តាមបណ្ដាញសង្គមហ្វេសប៊ុកបានដឹងថា ហេតុការណ៍អំពើ ចោរលួចម៉ូតូនេះបានកើតឡើង ចន្លោះម៉ោង០២,០០នាទី ទៅម៉ោង០៦,០០នាទីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានម្ចាស់ ឈ្មោះ ស៊ុយ សេងអ៉ី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជានគរបាលជាតិ ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយមានជនមិនស្គាល់អត្តសញ្ញាណ មួយក្រុមបានធ្វើសកម្មភាព ឆ្កឹះបំបែកគ្រាប់សោរសូឡិច ដែលបានចាក់ភ្ជាប់ទៅនឹងម៉ូតូទាំង២គ្រឿង លួចយកទៅបាត់ស្រមោល។
ម៉ូតូទី១ ម៉ាកហុងដា125 ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ឡើងតែម២០១៩ មានស្លាកលេខ សៀមរាប 1Z-5440 លេខតួ+ម៉ាស៊ីន: 9871020 ម្ចាស់កម្មសិទ្ធិឈ្មោះ ពៅ ហុងហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួលខាងលើ។
ម៉ូតូទី២ ម៉ាកហុងដា125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ឡើងតែម២០២០ ស្លាកលេខ ត្បូងឃ្មុំ 1F-0348 នឹងលេខតួ+ម៉ាស៊ីន: 5387030 ម្ចាស់កម្មសិទ្ធិឈ្មោះ រិត ថានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់រូមគ្នា។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំងពីរនាក់ បានចាក់ច្រវ៉ាក់មួយខ្សែជាប់នឹងកង់មុខម៉ូតូទាំងពីរ ដោយប្រើសោរសូឡិចចំនួនមួយ នៅចំណតម៉ូតូក្រោមជណ្តើរ រួចនាំគ្នាឡើងទៅនៅខាងលើ នៅពេលមកយកក៏មានការបាត់ម៉ូតូតែម្ដង។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ រស់នៅក្រុងសៀមរាប សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចនិងទប់ស្កាត់ បង្ក្រាបអំពើចោរកម្ម នេះ បានប្រសិទ្ធភាពជាក់ជាពុំខាន៕SRP




