ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តឆ្នាំ២០២១ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២ ព្រឹកមិញ នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គោលដៅសំខាន់បំផុត របស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺការកសាងកម្លាំង ធ្វើយ៉ាងណាឲ្យយុវជនរបស់យេីង ធ្វេីការងារប្រកបដោយឆន្ទៈមុះមុត និងក្នុងស្មារតីស្មោះត្រង់ ដេីម្បីចូលរួមការពាររាជរដ្ឋាភិបាល ស្របច្បាប់ ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ព្រោះឆន្ទៈនេះហេីយជាមូលដ្ឋានគ្រឹះ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងឲ្យកាន់តែមានការរីកចម្រើន។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា រដ្ឋបាលខេត្តកំពង់ចាម បានផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះ ការអនុវត្តការងារ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយត្រូវសហការ ជាមួយដៃគូអភិវឌ្ឍ នានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងសង្គម ក្នុងនោះយុវជន ដែលជាធនធានមនុស្សប្រកបដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។
ក្នុងឱកាសនេះដែរ លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហេីយក៏បានធ្វើការសំណូមពរដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ឲ្យខិតខំពង្រឹង និងពង្រីករចនាសម្ព័ន្ធរបស់ខ្លូន ឲ្យមានការរីកចម្រើន ដេីម្បីបំពេញបេសកកម្ម បម្រើដល់សង្គមជាតិ ជាពិសេស បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ (Covid-19)៕SRP





