ខេត្តសៀមរាប៖ក្រុមហ៊ុនកូកាកូឡាប្ដេជ្ញាថា ខ្លួននឹងចូលរួម ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអភិវឌ្ឍ ការងារបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ដែលជាផ្នែកមួយ ជួយអភិវឌ្ឍសង្គមជាតិ។
ការប្ដេជ្ញា របស់ក្រុមហ៊ុនកូកាកូឡា នេះ ក្នុងពេល ប្រគល់អណ្ដូងទឹក ដើរដោយថាមពល ពន្លឺព្រះអាទិត្យ មួយគ្រឿង ដល់ អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រព ថ្នាលបណ្ដុះកូនឈើ នៅឃុំលាងដៃ ស្រុកអង្គរធំ នៅថ្ងៃទី ១៩ ខែកុម្ភៈ នាព្រឹកមិញនេះ។
នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈ ប្រចាំប្រទេសនៃក្រុមហ៊ុនកូកាកូឡា លោក រស់ សោភា បានថ្លែងប្រាប់បណ្ដាញព័ត៌មានថាក្រុមហ៊ុនពិតជាមានសេចក្ដី រីករាយណាស់
ដែលបានធ្វើការជាមួយ អាជ្ញាធរជាតិអប្សរា ក្នុងបំណងអភិវឌ្ឍ ការងារបរិស្ថាន ក្នុងតំបន់នេះ ឱ្យកាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោក រស់ សោភា បានថ្លែងបន្តថា អណ្ដូងទឹកដើរដោយ ថាមពល ពន្លឺព្រះអាទិត្យ នេះ គឺជាបច្ចេកវិទ្យាចុងក្រោយ ដែលអាចបូមទឹក ដោយស្វ័យប្រវត្តិ ងាយស្រួល សម្រាប់ស្រោចស្រពកូនឈើ។
លោកជឿជាក់ថា អណ្ដូងទឹកនេះ នឹងរួមចំណែកធ្វើឱ្យតំបន់អង្គរ មានភាពបៃតង ហើយស្របតាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ក្នុងការទាក់ទាញភ្ញៀវទេសចរ ចូលមកកម្សាន្ត ក្នុងតំបន់បេតិកភណ្ឌ បូកនិងភាពបៃតង។
បើតាម លោក រស់ សោភា ក៏បង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់ ទៅថ្ងៃខាងមុខ ជាមួយ អាជ្ញាធរជាតិអប្សរា ដូចជាគម្រោងបែងចែកសំរាម ការគ្រប់គ្រងសំរាម ឱ្យបានត្រឹមត្រូវ ដើម្បីយកទៅកែច្នៃឡើងវិញ និងគម្រោងពង្រឹងគុណភាព ម្ហូបអាហារ ឱ្យបានស្ដង់ដា ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ក្នុងន័យឱ្យភ្ញៀវទេសចរ មានទំនុកចិត្ត លើម្ហូបអាហារទាំងនោះ។
ក្នុងពិធីប្រគល់ អណ្ដូងទឹក ដើរដោយថាមពល ពន្លឺព្រះអាទិត្យ នេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានមានប្រសាសន៍ថា ក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះ ការងារបរិស្ថាន គឺជាកិច្ចការស្នូលមួយ ដ៏សំខាន់របស់ អាជ្ញាធរជាតិអប្សរា។ ដូច្នេះការស្ដារឡើងវិញ នូវគម្របព្រៃឈើគឺជាកិច្ចការមួយដ៏ចាំបាច់បំផុត។
លោកឡុង កុសល ថា អណ្ដូងទឹក ដែលផ្តល់ជូនដោយ ក្រុមហ៊ុនកូកាកូឡា នៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការ រួមគ្នា ធ្វើយ៉ាងណាចូលរួមកាត់បន្ថយ ការបំពុលបរិស្ថាន មួយផ្នែកផងដែរ។ ព្រោះកន្លងមកតំបន់នេះ មិនមានអគ្គិសនីចូលដល់ ហើយត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកសម្រាប់ស្រោចកូនឈើ។
សូមជម្រាបថាតំណាងក្រុមហ៊ុនកូកាកូឡា និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ក៏បានដាំកូនឈើទុកជាអនុស្សាវរីយ៍ នៅបរិវេណថ្នាលបណ្ដុះកូនឈើផងដែរ៕SRP










