ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម បានអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមឲ្យ មកពិនិត្យ ថែទាំ សុខភាព ឲ្យ បាន គ្រប់ៗគ្នា ចាប់ពី ពេល ពពោះ រហូត ដល់ពេល សម្រាល និងកូន ដល់ អាយុ ២ឆ្នាំ ដែល ជា យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ក្នុង ការ លេីក កម្ពស់ សុខុមាលភាព នៅកម្ពុជា។
ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រឹកមិញនេះ។
លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះ ទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ។
ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។
ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នេះ លោកបានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជន ឆ្នើម ថ្នាក់ជាតិ បានផ្តល់ ជូន ស្ត្រី ចំនួន ១៥៨ នាក់ នោះ ម្នាក់ៗ ទទួលបាន៖ មី ជាតិ១ កេស , ឃី ត ១ កញ្ចប់ , ស្ករស ១ គ . ក . ទឹកដោះខាប់ ១ កំប៉ុង , ម្សៅ លាប ខ្លួន ទារក ១ ដប , សាប៊ូ ដុស ខ្លួន ទារក ១ ដប , ខោ ទឹកនោម ទារក ១ យួរ និង ថវិកា ២០,០០០ រៀល។ ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ដែល ត្រូវ ឪពុកចុង ចាប់រំលោភ មាន ផ្ទៃពោះ ត្រូវបាន ផ្តល់ជូន ទឹកប្រាក់ ចំនួន ២០០,០០០ រៀល ។
សូម ជម្រាប ផងដែរ ថា បន្ទាប់ពី ពិធី សំណេះសំណាល និង ចែក អំណោយ ដល់ ស្ត្រី នៅ មន្ទីរ សុខាភិបាល ខេត្ត លោកជំទាវ ញូ ង ចរិយា អ៊ុន ចាន់ ដា និង ក្រុមការងារ បាន បន្តដំណើរ អញ្ជើញ ចុះសួរសុខទុក្ខ អ្នក ជំងឺជាស្ត្រីទើបសម្រាលកូន កំពុង សម្រាក ក្នុងមន្ទីរពេទ្យខេត្ត និង បាន ឧបត្ថម្ភ ថវិកា ជូន ក្នុង ម្នាក់ៗ ៥០,០០០ រៀល ផងដែរ៕ SRP












