ខេត្តកំពង់ចាម៖សមាជិកគណបក្សប្រជាជន ជាង៤ពាន់នាក់ បានចូលរួមប្រារព្ធពិធីបេីកយុទ្ធនាការ ឃោសនា ស្វែងរកសំឡេងឆ្នោត នៅក្នុងក្រុងកំពង់ចាម។
ពិធីបេីកការឃោសនា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមាន លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានធ្វើការប្រកាសបេីកយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ព្រមទាំងបានថ្លែងនូវគោលនយោបាយ សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ដោយប្រមូលកម្លាំងគ្រប់និន្នាការ នយោបាយរួបរួមគ្នា កសាងប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនឡើង សំបូររុងរឿងស្ថិតស្ថេរគង់វង្ស ឲ្យប្រទេសយើងដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។
គួរបញ្ជាក់ផងដែរថា ចំពោះគណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជី គ.ជ.ប ដើម្បីធ្វើការប្រកួតប្រជែងស្វែងរកសំឡេងឆ្នោតគាំទ្រជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ ក្នុងខេត្តកំពង់ចាម គឺមានចំនួន១៣ គណបក្ស ចំពោះយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានធ្វើពិធីដង្ហែរក្បួនមានលក្ខណៈទ្រង់ទ្រាយធំ ជាងគេ ដោយឡែក គណបក្សនយោបាយ ផ្សេងៗទៀត មិនមានសកម្មភាពអ្វីធំដុំគួរឲ្យកត់សម្គាល់នោះទេ៕SRP




